ឯកឧត្តមឃុត ចាន់ដារ៉ា ដឹកនាំប្រជុំបញ្ចប់សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ

50
ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានដឹកនាំកិច្ចប្រជុំបញ្ចប់សេចក្តីព្រាងបរិស្ថាននៅខេត្តមណ្ឌលគិរី។

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារពិនិត្យ និងកែសម្រួលសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ បានបើកកិច្ចប្រជុំរយៈពេលមួយសប្តាហ៍ពេញដើម្បីពិនិត្យចុងក្រោយលើសេចក្តីព្រាងក្រមបរិស្ថាន ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ តំណាងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព តំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងអង្គការ UNDP ។ ក្រុមការងារនឹងបន្តប្រជុំដើម្បីបញ្ចប់ឱ្យរួចរាល់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខ។

សូមបញ្ជាក់ថា ក្រមបរិស្ថាន គឺជាក្រមដំបូងបង្អស់របស់ប្រទេសកម្ពុជាដែលត្រូវបង្កើតឡើងក្នុងអាណត្តិទី៥នេះ ដែលមានគោលដៅជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការការពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រង និងការស្ដារឡើងវិញនូវធនធានធម្មជាតិ និងវប្បធម៌។ បើតាមការបញ្ជាក់ពីក្រុមជំនាញ ក្នុងកំណែទី ៩.១ សេចក្តីព្រាងក្រមនេះអាចមាន១១គន្ថី ស្មើនឹង ១២៣៧មាត្រា និងមាន៤២០ទំព័រ៕

 

 

 

ចែករំលែក