មន្ត្រីជំនាញតំបន់ឆ្នេររបស់កម្ពុជាចូលរួមកិច្ចប្រជុំក្របខណ្ឌអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុឆ្នេរសមុទ្រតំបន៊អាស៊ាន

32

ទីក្រុងដាណាំង ប្រទេសវៀតណាម ថ្ងៃទី ១៣ ខែវិច្ឋិកា ឆ្នាំ២០១៧ លោក ថៃ ចន្ថា ប្រធាននាយកដ្ឋាន និងជាមន្រ្តីបង្គោលនៃក្រុមការងារបរិស្ថានសមុទ្រ និងតំបន់ឆ្នេរអាស៊ាន​តំណាង​ក្រសួង​បរិស្ថាន​បាន​ដឹក​នាំ​ក្រុមអ្នកជំនាញបរិស្ថានកម្ពុជាចូលរួមសិក្ខាសាលាថ្នាក់តំបន់ ស្តីពីគម្រោង «ប្រែប្រួលអាកាសធាតុឆ្នេរសមុទ្រតំបន់អាស៊ាន៖ រួមមាន ភាពងាយរងគ្រោះ ផល់ប៉ះពាល់ និងការបន្ស៊ាំ» (ជំហ៊ាន១) ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន តំណាងលេខាធិការដ្ឋានអាស៊ាន តំណាងកិច្ចប្រតិបត្តិការជប៉ុន-អាស៊ាន និងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងបរិស្ថាន និងធនធានធម្មជាតិវៀតណាម សរុបចំនួន ៤៥រូប។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យឡើងវិញនូវផែនការ និងគោលនយោបាយតំបន់ឆ្នេរ របស់ប្រទេសសមាជិកអាស៊ាន លើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ពស់ទឹកសមុទ្រ។ បន្ថែមពីនេះគឺដើម្បីពិភាក្សា និងចែករំលែក លើសេចក្តីព្រាង៖ (១)ការចងក្រងរបាយការណ៍សំយោគ ស្តីពីការឆ្លើយតប និងការអភិវឌ្ឍផែនការ និងគោលនយោបាយប្រែប្រួលអាកាសធាតុតំបន់ឆ្នេរ និងការគ្រប់គ្រងតំបន់ឆ្នេរតាមបែបសមាហរណកម្ម (២)ក្របខ័ណ្ឌទទួលខុសត្រូវថ្នាក់តំបន់ នៃការគ្រប់គ្រងតំបន់ឆ្នេរតាមបែបសមាហរណកម្ម ផ្តោតលើការប្រែប្រួលអាកាសធាតុ៕

ចែករំលែក