តើតំបន់ប្រើប្រាស់ច្រើនយ៉ាងជាអ្វី?

134
តំបន់ទឹកធ្លាក់ស្ថិតនៅក្នុងឃុំ ដងពែង ស្រុក ស្រែអំបិល ខេត្ត កោះកុង។ សហការី

តំបន់ប្រើប្រាស់ច្រើនយ៉ាង សំដៅដល់តំបន់ក្នុងដែនដីគោក និង/ឬដែនទឹក ដែលក្នុងនោះមាន​សម្បូរណ៍​ដោយប្រព័ន្ធធម្មជាតិ ដែលពុំទាន់រងការបំផ្លិចបំផ្លាញ និងតម្រូវឱ្យមានសកម្មភាពគ្រប់គ្រង ដើម្បី​ធានាការ​ការពារ ការថែទាំធនធានជីវៈចម្រុះ និងប្រព័ន្ធអូកូឡូស៊ី សម្រាប់ពេលយូរង្វែង។ ទន្ទឹមនឹងនេះដែរ អាច​ផ្តល់​ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់​តាម​តម្រូវ​ការ​របស់​សហគមន៍។ តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន៣តំបន់ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ និងទីតាំងចំនួន២តំបន់ទៀត ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យក្នុងឆ្នាំ​២០១៦។ តំបន់ប្រើ​ប្រាស់​ច្រើនយ៉ាងទាំង៥តំបន់ គ្របដណ្តប់នៅលើផ្ទៃដីសរុបចំនួន៤០៩.៦៦៩ហិកតា ដែលស្មើ​នឹង​២,៣%​ នៃផ្ទៃដីប្រទេស ស្ថិតនៅក្នុងខេត្តសៀមរាប កោះកុង បាត់ដំបង កំពង់ធំ កំពង់ឆ្នាំ ប៉ៃលិន ពោធិ៍សាត់ ត្បូងឃ្មុំ និងខេត្តព្រះសីហនុ។

តំបន់ប្រើប្រាស់ច្រើនយ៉ាងរួមមាន ១. ដងពែង ស្ថិតនៅក្នុងខេត្តកោះកុង ដែលមានផ្ទៃក្រឡា ២៧.៧០០​ហិកតា ចេញដោយព្រះរាជក្រឹត្យ០១ វិច្ឆិកា ១៩៩៣ ២. សំឡូត ស្ថិតនៅក្នុងខេត្តប៉ៃលិន និងបាត់ដំបង ដែល​មាន​ផ្ទៃក្រឡា ៦០. ០០០​ ចេញដោយអនុក្រឹត្យ ០១ វិច្ឆិកា ១៩៩៣ ៣. ទន្លេសាប ស្ថិតក្នុង​ទីតាំង​កំពង់​ធំ កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង និងសៀមរាប ដែលមានផ្ទៃក្រឡា​៣១៦.២៥០ ចេញដោយព្រះរាជក្រឹត្យ ​០១ វិច្ឆិកា ១៩៩៣ ៤. ពញាក្រែក ស្ថិតនៅទីតាំង ខេត្តត្បូងឃ្មុំ ដែល​មាន​ផ្ទៃក្រឡា​១៩៩ហិកតា ចេញ​ដោយ​អនុក្រឹត្យ ០៩ ឧសភា ២០១៦ ៥. ព្រែកទឹកសាបក្បាលឆាយ ស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលមានផ្ទៃក្រឡា ៥.៥២០ហិកតា ចេញដោយអនុក្រឹត្យ ០៥ មិថុនា ២០១៦៕

តំបន់ទឹកធ្លាក់ស្ថិតនៅក្នុងឃុំ ដងពែង ស្រុក ស្រែអំបិល ខេត្ត កោះកុង។ សហការី
ចែករំលែក