រដ្ឋមន្ត្រីបរិស្ថាន៖ ភាពយូរអង្វែង និងតម្លៃរបស់ក្រសួងបរិស្ថានគឺធនធានមនុស្ស

148
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចែកវិញ្ញាបនបត្រដល់មន្ត្រីរាជការនៅទីស្តីការក្រសួង។ រូបភាព៖ វិសាល

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២០ ខែតុលានេះ បានអញ្ជើញជាអធិបតីក្នុងពិធី​បិទ​វគ្គបណ្តុះបណ្តាលស្តីពីការបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលគ្រប់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុវគ្គ២ នៅ​ទី​ស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​បង្កើន​ប្រសិទ្ធភាព​នេះគឺ ជា​កត្តា​ចំបាច់​បំផុត​ក្នុង​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​ដើម្បី​ធ្វើ​ដំណើរ​ទៅមុខ​ក្នុង​ផ្លូវ​ដ៏​វែង​ឆ្ងាយ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ “ភាពខ្លាំង យូរអង្វែង និងតម្លៃរបស់ក្រសួងបរិស្ថាន គឺធន​ធាន​មនុស្ស​​របស់​ក្រសួង​ដែលមានសមត្ថភាព ហើយខ្ញុំ​ចង់​ឃើញ​មន្ត្រី​វ័យ​ក្មេង​មាន​ឱកាស​ដើម្បី​បញ្ចេញ​សមត្ថភាព”។

វគ្គបណ្តុះបណ្តាលនេះ  គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីបន្ថែមដែលនៅមានចំណុចខ្វះចន្លោះក្នុងដំណើរការប្រតិបត្តិនៅតាមបណ្តាអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ វគ្គដែលមានសិក្ខាកាមចូលរួមចំនួន១២០នាក់មកពីគ្រប់អគ្គនាយកដ្ឋាន និងមន្ទីរនៅតាម​បណ្តា​ខេត្តស្ថិតក្រោមឱវាទក្រសួងបរិស្ថានបានបណ្តុះបណ្តាលរយៈពេល៥ថ្ងៃចាប់​ពី​ថ្ងៃទី១៦-២០ខែតុលានេះ លើប្រធានបទសំខាន់ៗចំនួន៥ ដែល​រួម​មាន​ការ​គ្រប់គ្រងកិច្ចការរដ្ឋបាល ការគ្រប់គ្រងធនធានមនុស្ស ការរៀបចំផែនការនិងកិច្ចដំណើរ​ការថិកា ការងារ​ហិរញ្ញវត្ថុ និងការងារលទ្ធកម្ម។

ក្រោយមានសំណូមពរពីសិក្ខាកាម ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាពឱ្យបង្កើនវគ្គបណ្តុះបណ្តាលបន្ថែម ហើយឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យពង្រីកវគ្គបណ្តុះបណ្តាលបន្ថែមលើវគ្គវិទ្យាសាស្ត្រនយោបាយ ច្បាប់ និងការវិវត្តនៃនិន្នាការពិភពលោកនាពេលបច្ចុប្បន្ន ដើម្បីពង្រឹងសមត្ថភាពមន្ត្រី ឱ្យ​ស្វែង​យល់​ពី​បរិបទ​សង្គម និងពិភពលោក៕

ចែករំលែក