កិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពលើកទី២ សម្រេចលទ្ធផលចំនួន៨ណុច

213
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

កិច្ចប្រជុំនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៅថ្ងៃទី០៣ ខែតុលាដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព​បានពិនិត្យ និងសម្រេចលើលទ្ធផលចំនួន​៨ចំណុច។

ចំណុចទាំងនោះរួមមាន៖ ទី១ ពិចារណាសិក្សា​ផ្តល់យោបល់​លើវិស័យកម្ម​ដំណាំជាយុទ្ធ​សាស្ត្រ​សម្រាប់​ក្រុមហ៊ុន​ដីសម្បទានសេដ្ឋកិច្ច ទី២ នៅថ្នាក់ខេត្ត បន្ថែមភាកិច្ចជូនមន្ទីរ​បរិស្ថាន​ជាលេខាធិការដ្ឋាន​អភិវឌ្ឍន៍​ដោយ​ចីរភាព​ថ្នាក់ខេត្ត ទី៣ ដកពាក្យ រ៉ូស្សាតូម នៅក្នុងក្រុមការងារនុយក្លេអ៊ែរ ដើម្បីបើកឱ្យ​កិច្ច​សហ​ប្រតិបត្តិការ​មាន​ភាពទូលំទូលាយ ទី៤ សិក្សាផ្តល់យុទ្ធសាស្ត្រលើបញ្ហាពូជក្នុងស្រុក ការប្រើប្រាស់ពូជ GMO ជាដើម ទី៥ អង្គប្រជុំអនុម័តជាគោលការណ៍ផែនការ​យុទ្ធ​សាស្ត្រ​​របស់ក.ជ.អ.ច. ឆ្នាំ២០១៨ និងស្នើ​សុំឱ្យ​ឯកឧត្តម លោកជំទាវ តំណាងក្រសួង រាជធានី ខេត្តផ្តល់ធាតុចូលបន្ថែម​សម្រាប់ផែនការ​យុទ្ធ​សាស្ត្រនេះ ទី៦ អង្គប្រជុំក៏បានអនុម័តជាគោលការណ៍ស្តីពីក្រមបរិស្ថាន និង​ធនធានធម្មជាតិ សេចក្តី​ព្រាង​យុទ្ធសាស្រ្ត និង​ផែន​ការសកម្មភាពបរិស្ថានជាតិ និងស្នើ​សុំឱ្យ ឯកឧត្តម លោកជំទាវ​ដែល​ជា​សមាជិក សមាជិកា ផ្ញើរ​ធាតុ​ចូលអគ្គលេខាធិការដ្ឋាន ក.ជ.អ.ច. នៅក្នុងរយៈ​ពេល ៤ ​សប្តាហ៍ក្រោយពី​កិច្ចប្រជុំនេះ ទី៧ អង្គប្រ​ជុំបាន​ពិនិត្យ និង​អនុម័តលើផែនការយុទ្ធសាស្ត្រជាតិរេដបូក ២០១៧-២០២៦ និងទី៨ អង្គប្រជុំ​ក៏បាន​ទទួល​របាយការណ៍​វឌ្ឍនភាពការងារអាស៊ានដែលប្រទេសយើងបានចួលរួម ដើម្បី​សម្រេច​បាន​នូវ​ការងារ សហប្រត្តិបត្តិការ​បរិស្ថាន​អាស៊ាន។​

ក្នុងកិច្ចប្រជុំ មាន​សមាជិកសមាជិការចូលរួមកិច្ចប្រជុំចំនួន ៨៨ នាក់ ក្នុងនោះមានសមាជិក​របស់​ក.ជ.អ.ច ចំនួន២៤រូប អ្នកតំណាងចំនួន៣០ រូប និង សមាជិកសមាជិការអវត្តមានចំនួន៩ រូប។ សូមបញ្ជាក់ថា ក្រោយកិច្ចប្រជុំឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព បានប្រកាសនឹងបើកកិច្ចប្រជុំលើកទី៣នៅដើមឆ្នាំ​២០១៨ខាងមុខ៕

ចែករំលែក