រដ្ឋមន្ត្រីបរិស្ថានបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៃក្រសួងបរិស្ថានដើម្បីឱ្យឆ្លើយតបទៅនឹងស្ថានភាពសង្គមជាក់ស្តែង

47
ឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ រូបភាព៖ វិសាល

ឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ពេជ្យ ប៊ុនធិន​ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ នៅថ្ងៃទី០២ ខែតុលា បាន​អញ្ជើញ​​ជា​អធិបតីក្នុង​ពិធីបើកវគ្គបណ្តុះ​បណ្តាលមន្ត្រីរាជការ នៃក្រសួងបរិស្ថាន​ដើម្បីបង្កើនសម្ថភាពមន្ត្រីរបស់ក្រសួងបរិស្ថានក្នុងគោលបំណងឆ្លើយតបឱ្យទាន់សភាពការណ៍ដែលកំពុងវិវឌ្ឍឥតឈប់ឈរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងពីគោលបំណង​នៃវគ្គបណ្តុះ​បណ្តាលនេះ ​គឺដើម្បី​ធ្វើទំនើបកម្ម​ក្រសួង​​ដើម្បី​ឆ្លើយ​តបទៅនឹងស្ថានភាពសង្គមជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។ សង្គមដែលបានផ្លាស់ប្តូរ​ជីវភាព​ប្រជាពលរដ្ឋដោយសារតែស្ថេរភាពនយោបាយជាង២០ឆ្នាំ កំណើនសេដ្ឋកិច្ចប្រមាណ​៧%ក្នុងរង្វង់២០ឆ្នាំ និងសេរីភាពសារព័ត៌មានក្នុងសង្គម។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ការបណ្តុះបណ្តាល​នេះ​គឺឱ្យធ្វើ​ឱ្យមន្ត្រី​ស្គាល់​តួនាទីភារៈ​កិច្ច​ក្នុង​ក្រសួង និង​ត្រៀមខ្លួនជាឆ្មាំចាំយាមអាយុជីវិតរបស់ប្រទេសជាតិយ៉ាងមានសិទ្ធភាព”។

ថ្លែងទៅកាន់កម្មវិធីដែលមានអ្នកចូលរួមជាង១០០នាក់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការបណ្តុះ​បណ្តាល​មន្ត្រីរបស់ក្រសួងបរិស្ថាននេះ មិនមែនមានតែក្នុងស្រុកនោះទេ ការបញ្ជូន​ទៅ​សិក្សា​នៅបរទេស​ក៏ជាអ្វីដែល​ក្រសួងបរិស្ថាន​បានធ្វើរួចមកហើយ និងបន្តប្រឹងប្រែងបន្តទៀត​ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាព​មន្ត្រី​ក្រសួង​បរិស្ថាន។

មន្ត្រីក្រសួងបរិស្ថានចំនួន៦៥រូបដែលមានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការបណ្តុះបណ្តាលនេះ​គឺជាផ្នែកមួយនៃទំនើបកម្មរបស់ក្រសួងបរិស្ថានដែលបានធ្វើទំនើបកម្មរបស់ខ្លួនយ៉ាងសកម្មក្នុងអាណត្តិទី៥នេះដែលរួមមានការធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្នុងក្រសួង កំណែទម្រង់លើការបណ្តុះបណ្តាល និងការលើកទឹកចិត្តជាដើម៕

ឯកឧត្តមសាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ពេជ្យ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ រូបភាព៖ វិសាល

ចែករំលែក