ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព នឹងបើកិច្ចប្រជុំលើកទី២ដើម្បីផ្តល់យោបល់និងអនុម័តលើសេចក្តីព្រាងជាតិសំខាន់ៗ

83
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងពិធីចុះហត្ថលេខាជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ រូបភាព៖ វិសាល

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន នឹងរៀបចំកិច្ច​ប្រជុំ​លើកទី​២​​​ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ៨:០០ព្រឹក នៅទីស្តីការក្រសួងបរិស្ថានក្រោម​អធិបតីភាព​ ​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក​ សមា​ជិកាទាំងអស់ ​ដែលជា​មន្រ្តី​ជាន់​ខ្ពស់តំណាងក្រសួងស្ថាប័ន​របស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់​ជាតិ និងរាជធានីខេត្ត សរុប​ចំនួន​៦២រូប។

គោលបំណងសំខាន់​​នៃ​កិច្ចប្រជុំលើកទី២​នេះ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពដែលក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសម្រេចបាន​ក្នុងការគាំទ្រការអភិវឌ្ឍ​ប្រកប​ដោយចីរភាព​នៅកម្ពុជា ក្នុងនោះរួមមានការពិនិត្យ ផ្តល់យោបល់ និងអនុម័ត​លើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗមួយចំនួន រួមមាន សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ (Environment​ and Natural Resources Code) សេចក្តីព្រាងយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) និងសេចក្តីព្រាងយុទ្ធសាស្រ្តរេដបូកជាតិ។

សូមរំលឹកថា កិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។ កិច្ចប្រជុំលើកទី១ បានអនុម័តទៅលើរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សា ដោយនឹងត្រូវមានអង្គប្រឹក្សាយោបល់ថ្នាក់ជាតិចំនួនពីរ គឺក្រុមឧត្តមមន្រ្តី និងគណៈកម្មាធិការវាយតម្លៃបរិស្ថានយុទ្ធសាស្រ្ត, និងការបង្កើតក្រុមការងារថ្នាក់រាជធានីខេត្តដែលដឹកនាំដោយអភិបាលនៃគណៈអភិបាលរាជធានីខេត្ត សំដៅធានាបាននូវការចូលរួមយ៉ាងសកម្មពីមន្ទីរពាក់ព័ន្ធជុំវិញខេត្តក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

បន្ថែមពីនេះ កិច្ចប្រជុំក៏បានក៏បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសចំនួន៧ ដើម្បីសម្របសម្រួលនិងគាំទ្រដល់ការរៀបចំ និងអនុវត្តគោលនយោបាយ ច្បាប់ និងក្របខណ្ឌគតិយុត្ដិ លើកកម្ពស់ការស្រាវជ្រាវ អប់រំ និងបណ្តុះបណ្តាល ផ្លាស់ប្តូរបច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងផ្សព្វផ្សាយលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព។ ក្រុមបច្ចេកទេសទាំងនេះ នឹងផ្តោតសំខាន់លើ ៖ ការប្រែប្រួលអាកាសធាតុ, ទីក្រុងនិរន្តរភាព, ថាមពលនិរន្តរភាព, ការប្រើប្រាស់ និងផលិតកម្មនិរន្តរភាព, ជីវៈចម្រុះ ការប្រើប្រាស់និងការបែងចែកផលពីធនធានពន្ធុ និងជីវសុវត្ថិភាព, វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងថាមពលនុយក្លេអ៊ែរ។

ដោយឡែកលទ្ធផលចុងក្រោយមួយទៀតគឺការកំណត់សកម្មភាពអាទិភាពសម្រាប់ឆ្នាំ២០១៦-២០១៨ មានជាអាទិ៍ ការងារទីក្រុងនិរន្តរភាព ថាមពលនិរន្តរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កិច្ចអភិរក្សជីវៈចម្រុះ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបៃតង ការរៀបចំបញ្ចប់នូវយុទ្ធសាស្រ្តនិងផែនការសកម្មភាពបរិស្ថាន និងក្រមបរិស្ថាន៕

ចែករំលែក