ដើម្បីអបអរសាទរទិវាអូហ្សូនពិភពលោក១៦កញ្ញាលើកទី៣០ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខា​ធិការ​​ក្រសួង​បរិស្ថាន និងឯកឧត្តមហេង ណារ៉េត អគ្គនាយនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ ២០១៧នេះ បានរៀបចំសន្និសីទសារព័ត៌ក្រោមប្រធានបទ «៣០ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់​ រួមគ្នាការពារជីវិតលើភពផែនដី» ក្នុងគោលបំណងផ្សព្វផ្សាយឱ្យកាន់​តែទូលំទូលាយ​ស្តីពី​ការការ​ពារ​ស្រទាប់អូហ្សូន និងបង្ហាញពីភាពជោគជ័យក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រដ្ឋាភិបាលកម្ពុជា។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីស្តីការក្រសួង ឯកឧត្តម អ៊ាង សុផល្លែតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តនូវកាតព្វកិច្ច របស់ខ្លួន ក្នុងនាមជាភាគីហត្ថលេខី នៃអនុសញ្ញាវីយ៉េនស្តីពីការពារស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ស្តីពី សារធាតុដែលបំផ្លាញស្រទាប់អូហ្សូនដែលកម្ពុជាបានចូលជាសមាជិកតាំងពីឆ្នាំ២០០១។

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់អនុវត្តន៍​ប្រកបដោយប្រសិទ្ធភាពជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជា បាន សម្រេចបង្កើតនិងដាក់ឱ្យប្រើប្រាស់នូវកម្មវិធីជាតិស្តីពីការគ្រប់គ្រងសារធាតុត្រជាក់ផែនការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន និងអនុក្រឹត្យស្តីពីការគ្រប់គ្រងសារធាតុបំផ្លាញស្រទាប់អូហ្សូន និង ផែនការស្តីពីការគ្រប់គ្រងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន ដែលជាការបញ្ជាក់ឱ្យកាន់តែច្បាស់ថែមទៀត អំពីជំហររបស់រាជរដ្ឋាភិបាលដោយមានក្រសួងបរិស្ថានជាសេនាធិការក្នុងការអនុវត្តគោលនយោបាយបរិស្ថានជាតិនិងការគាំទ្រសកម្មភាពការពារបរិស្ថានរបស់មនុស្សជាតិ។

ឯកឧត្តមប្រធានសន្និសីទបានគូសបញ្ជាក់ថា នេះគឺជាបេសកកម្មឆ្ពោះទៅមុខបន្តទៀត ដើម្បីចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងនាមជាប្រទេសភាគីនៃពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននិងបំផុសស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន​ក៏ដូចជាចូលរួមថែរក្សាស្រទាប់អូហ្សូននៅលើភពផែនដីរបស់យើងបន្ទាប់ពីយើងទទួលបានជោគជ័យក្នុងការចូលរួមថែក្សាស្រទាប់អូហ្សូន និង លុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន។

គួរបញ្ជាក់ថា ក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និង អង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ កម្ពុជាបានលប់បំបាត់ទាំងស្រុងសារធាតុក្លររ៉ូភ្លុយអរ៉ូកាបូន(CFC)នៅឆ្នាំ២០១០ ហើយបច្ចុប្បន្នកម្ពុជាកំពុងអនុវត្តន៍ផែនការលុបបំបាត់សារធាតុហាយត្រូភ្លុយអរ៉ូកាបូន(HCFC)ដែលជាសារធាតុមានសក្តានុពលធ្វើអោយកើនឡើងកំដៅផែនដី លើសឧស្ម័នកាបូនិចរាប់ពាន់ដងនៅឆ្នាំ២០៤០ក្នុងនោះ ប្រទេសកម្ពុជាទទួលបានពានរង្វាន់និងលិខិតសរសើរជាច្រើនផងដែរ៕

ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែកញ្ញា ២០១៧។ រូបភាព៖ វិសាល

 

 

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់