ដោយ ស៊ុន មេសា/ ប្រភព៖ នាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង

ក្រសួងបរិស្ថាននៅថ្ងៃទី១៥​ ខែកញ្ញានឹងធ្វើសន្និសីទសារព័ត៌មាន​ក្រោម​ប្រធាន​បទ​៣០ឆ្នាំ​នៃ​ពិធីសារ​ម៉ុងរ៉េអាល់ ដើម្បីអបអរសាទរទិវាអូហ្សូនអន្តរជាតិ។ តើកម្ពុជាបានចូលជាសមាជិកនៃពិធីសារ​ម៉ុង​រ៉េអាល់​តាំង​ពី​ពេលណា ហើយ​អ្វី​ទៅ​ជាពិធីសារម៉ុង​រ៉េអាល់?

ជាប្រទេសមួយក្នុងចំណោមប្រជាជាតិក្នុងលោក កម្ពុជា បានចូលជាសមាជិកនៃអនុសញ្ញាវីយ៉ែន ស្តីពី កិច្ច​ការពារស្រទាប់ អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់ អូហ្សូន នៅថ្ងៃ​ទី២៧ ខែមិថុនា ឆ្នាំ២០០១។ ពិធីសារម៉ុងរ៉េអាល់ត្រូវបានអនុម័តជាផ្លូវការនៅឆ្នាំ​១៩៨៩ក្នុងប្រទេសកាណាដា​ដើម្បី​ឱ្យ​សហគមន៍​​​អន្តរជាតិទាំងអស់ចូលរួម​ទប់​ស្កាត់​​កុំ​ឱ្យ​មាន​ការ​ប្រើ​សារធាតុ​បំផ្លាញស្រទាប់អូហ្សូន(ODS)​។

ការលុបបំបាត់សារធាតុបំផ្លាញ​ស្រទាប់​អូហ្សូ​នេះ​គឺរួម​ចំណែកយ៉ាងសំខាន់​ក្នុងការទប់ស្កាត់ការកើនកំដៅលើភពផែនដីដោយសារសារធាតុបំផ្លាញស្រទាប់អូហ្សូនជាសារធាតុដែលមានសក្តានុពលនៃការកើនកំដៅខ្ពស់ជាងឧស្ម័នកាបូនិករាប់ពាន់ដង។ សកម្មភាព​​ដែលនាំឱ្យមានការបំផ្លាញស្រទាប់ អូហ្សូន គឺបង្កឡើងដោយការបញ្ចេញ ការលេចធ្លាយសារធាតុបំផ្លាញស្រទាប់​អូហ្សូន ​ទៅក្នុងបរិយាកាស​។ សារធាតុទាំងនេះមានផ្ទុកអាតូមក្លរ និង​ប្រូមដែលនាំ​ឱ្យមានការបំផ្លាញ​ស្រទាប់​អូហ្សូន​។​

សម្រាប់កម្ពុជា ៤ឆ្នាំក្រោយការចូលជាសមាជិក(ឆ្នាំ២០០៥) អនុក្រឹត្យមួយស្តីពី​ការ​​គ្រប់គ្រ​ងសារធាតុបំផ្លាញស្រទាប់​អូហ្សូនត្រូវបានអនុម័តដើម្បី​គ្រប់គ្រង​​​ការនាំ​ចូលនាំចេញ និងការ​ប្រើប្រាស់​​សារធាតុ​បំផ្លាញស្រទាប់ អូហ្សូន ដោយ​កំណត់កាល​បរិច្ឆេទ​បញ្ឈប់​ការ​ប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូននៅក្នុងប្រទេសកម្ពុជាស្របទៅ​តាម​កម្មវិធីលុប​បំបាត់​សារធាតុ​បំផ្លាញ​ស្រទាប់​​​អូហ្សូន នៃពិធីសារម៉ុងរ៉េអាល់។

ក្រសួងបរិស្ថានបានឱ្យដឹងថាសារធាតុ​CFCដែលជា​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​ត្រូវបាន​លុប​បំបាត់​ទាំង​ស្រុងតាំងពីឆ្នាំ​២០១០មកម្លេះ ហើយបាន និង កំពុងអនុវត្តផែន​ការ​លុបបំបាត់សារធាតុ​HCFCឱ្យបាននៅឆ្នាំ​២០៤០។​ ក្នុងការអនុវត្ដកម្មវិធីនិងផែន​ការជាតិ និងអនុក្រឹត្យនេះ ក្រសួងបរិស្ថានដែលជាស្ថាប័នបង្គោលក្នុងការអនុវត្ដពិធីសារម៉ុងរ៉េអាល់ បានសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន​ក្នុងការកាត់បន្ថយនិងលុបបំបាត់ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់ អូហ្សូន។​ នេះបញ្ជាក់​ឱ្យកាន់តែច្បាស់​ថែមទៀត អំពី​ជំហរ​យ៉ាងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្ត​គោលនយោបាយ បរិស្ថានជាតិ និងការគាំ​ទ្រ​សកម្មភាព​ការពារបរិស្ថានពិភពលោករបស់មនុស្សជាតិ៕

  • សារធាតុCFCមានប្រើប្រាស់ក្នុងទូទឹកក ម៉ាស៊ីនត្រជាក់រថយន្ដ​​ ម៉ាស៊ីនត្រជាក់ ដែលផលិតមុន​ឆ្នាំ១៩៩៦ ប្រើប្រាស់សម្រាប់សម្អាតបន្ទះអេឡិចត្រូនិច ជាសារធាតុជម្រុញ​សម្ពាធក្នុងកំប៉ុងស្ប្រៃ ទឹកអប់ ហ្វមកោពុកមាត់ ។ល។
  • សារធាតុHCFC មានប្រើប្រាស់ក្នុងម៉ាស៊ីនត្រជាក់ ទូបង្កក ទូក្លាសេ បន្ទប់ត្រជាក់និងបន្ទប់ត្រជាក់​ចល័ត។

ព័ត៌មានបន្ថែម

សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
ថ្ងៃ អង្គារ, 19 មិនា, 2024 សិស្សានុសិស្សសាលាបឋមសិក្សាថ្នល់កែងថ្លែងអំណរគុណជូនចំពោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នី
រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
ថ្ងៃ ចន្ទ, 18 មិនា, 2024 រយៈពេល៥ថ្ងៃ សមត្ថកិច្ចបានឃ្លុំដីទំហំជិត៤ពាន់ហិកតា និងបញ្ជូនជនសង្ស័យ១នាក់ទៅតុលាការ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ថ្ងៃ ចន្ទ, 18 មិនា, 2024 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបន្តចុះផ្សព្វផ្សាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាក្នុងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់