កូរ៉េចាប់អារម្មណ៍ចំពោះការគ្រប់គ្រងសំរាមនៅកម្ពុជា

119
ឯកឧត្តម ហេង ណារ៉េត (រូបស្តាំដៃ) អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងអគ្គនាយកក្រសួងបរិស្ថានកូរ៉េ។

សាធារណរដ្ឋកូរ៉េ បានបង្ហាញពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថានកម្ពុជា ដោយផ្តោតសំខាន់លើវិស័យអាទិភាពមួយចំនួនក្នុងនោះទាក់ទងនឹងការគ្រប់គ្រងសំរាមនៅកម្ពុជា។ ការលើកឡើងនេះបានបញ្ជាក់នៅក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រសួងបរិស្ថានកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និង អគ្គនាយកក្រសួងបរិស្ថានកូរ៉េ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យបរិស្ថាន។

ឯកឧត្តម ហេង ណារ៉េត បានបញ្ជាក់ថាភាគីកូរ៉េមានបំណងគ្រប់គ្រងសំណល់រឹង រាវ និងការទាញយកធនធានពីសំណល់ទាំងនោះ។ នៅក្នុងជំនួបនេះ ប្រតិភូកម្ពុជា បានលើកឡើងពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ជាពិសេសបញ្ហាគ្រប់គ្រងទីលាន និងការកែច្នៃសំរាម ទៅជាធនធានជាដើម។ ជាមួយគ្នានេះ ភាគីក្រសួងបរិស្ថានកូរ៉េបានទទួលយកសំណើរបស់កម្ពុជា ហើយនឹងចាត់តាំងមន្រ្តីបង្គោលដើម្បីទំនាក់ទំនងធ្វើការងារជាមួយកម្ពុជាកាន់តែប្រសើរឡើងបន្តទៀតផងដែរ។

សូមបញ្ជាក់ថា នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋបានបញ្ចេញសំរាមក្នុង១ថ្ងៃ ជាង ២០០០តោន។ ការកើនឡើងនៃសំរាមក្នុងទីក្រុង ជាក្តីកង្វល់របស់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ហើយបច្ចេកវិទ្យាគ្រប់គ្រាន់ក្នុងការគ្រប់គ្រងសំរាមនៅមានកម្រិតនៅឡើយ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះសំរាមពាសវាលពាសកាល ខណៈសំរាមផ្លាស្ទិចនឹងនៅក្នុងទឹក ឬដីរាប់រយឆ្នាំ បង្កផលប៉ះពាល់អវិជ្ជមានយ៉ាងច្រើនទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគតចំពោះបរិស្ថាន៕

ចែករំលែក