សិស្សវិទ្យាល័យឧដុង្គជូនរូបសញ្ញាក្រសួងបរិស្ថានផលិតពីគ្រាប់ធញ្ញជាតិដល់រដ្ឋមន្ត្រី ខណៈដែលវាគឺជាសក្ខីភាពនៃជោគជ័យលើការបញ្ជ្រៀបស្តីពីបរិស្ថាន

22
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន ទទួលរូបសញ្ញាក្រសួងនៅទីស្តីក្រសួង។ រូបភាព៖ វិសាល

សិស្សានុសិស្សចំនួន៤រូប និងលោកគ្រូៗមកពីវិទ្យាល័យឧដុង្គ ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ​ក្រុម​ Blu​​​​​​​​​​​​​​​​​e Media ​នៅថ្ងៃទី០១ ខែសីហានេះ បានចូលជួបឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បី​ប្រគល់​​រូបសីញ្ញា (Logo)ក្រសួងបរិស្ថានដែលជាស្នាដៃផ្ទាល់របស់សិស្សានុសិស្ស​ផលិត​​ចេញពី​គ្រាប់​ធញ្ញជាតិ។

តំណាងក្រុមការងារ យុវតី ស៊ុន រស្មី បញ្ជាក់ពីមូលហេតុនៃការធ្វើរូបសញ្ញានេះថា ដោយសារតែចូលចិត្ត​ការ​ច្នៃប្រឌិត និងស្រឡាញ់បរិស្ថាន ដូចនេះហើយបានជាក្រុមការងារដែលសុទ្ធតែជាសិស្សថ្នាក់ទី​១០​ទាំងនេះ បានដុតដៃដុតជើងខិតខំធ្វើរូបសញ្ញានេះ។

ដោយឡែកឯកឧត្តម សាយ សំអាល់​ រដ្ឋមន្ត្រីបរិស្ថាន បាន​ថ្លែងការកោតសរសើរ​ចំពោះ​ភាព​ច្នៃប្រឌិត​របស់​យុវសិស្ស​ទាំង៤​ដែល​បានផលិតដោយដៃផ្ទាល់លើរូបសញ្ញារបស់ក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “នេះគឺជាសក្ខីភាព​នៃការ​បញ្ជ្រៀប​គោលនយោបាយ​របស់​បរិស្ថាន​ចំពោះ​ប្រជាពលរដ្ឋ ហើយវាក៏ជាសិល្បៈដើម្បីទាក់ទាញឱ្យមានការយល់ដឹងពីបរិស្ថាន។ ការ​ដែលយុវ​សិស្ស​ក្មេងៗ​យល់ដឹងពី​វិស័យបរិស្ថាននេះ គឺជាការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជន”។

រូបសញ្ញាសម្គាល់ក្រសួងបរិស្ថាននេះ មានទំហំ៦០ គុណ ៨០ សង់ទីម៉ែត្រដែលជាការងារដោយដៃរបស់​យុវ​សិស្សនៃវិទ្យាល័យឧត្តុងទាំងបួនដែលបានប្រើពេល៨ថ្ងៃបិទគ្រាប់សណ្តែក និង​គ្រាប់អង្ក​រ​ម្តង​មួយៗ​ឱ្យ​ក្លាយ​ទៅ​ជា​រូប​សញ្ញា​របស់​ក្រសួងបរិស្ថាន។ រូបនេះ បានប្រើប្រាស់សណ្តែកអង្គុយចំនួនៃ ០.៥ គីឡូ សណ្តែក​ក្រហម២០ក្រាម សណ្តែកបាយ១០ក្រាម សណ្តែកសៀង ៣០ ក្រាម សណ្តែកលឿង១០ ក្រាម និងអង្ករ​១០ក្រាម៕

ចែករំលែក