រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើឱ្យវាយតម្លៃលើការអភិវឌ្ឍតំបន់ឆ្នេរ

262
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ។ រូបភាព៖ មេសា

គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរដែលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា  ឯកឧត្តម ថោង ខុន និងឯកឧត្តម សាយសំអាល់ ដែលជាប្រធាន និងអនុប្រធានគណៈកម្មាធិការ នៅ​រសៀល​ថ្ងៃទី១១​ ខែសីហានេះ បាន​បើកកិច្ច​ប្រជុំ​សម្រេចលើ​គម្រោងអភិវឌ្ឍន៍​ចំនួនបី​តាមបណ្តោយ​ភូមិសាស្ត្រឆ្នេរ​សមុទ្រកម្ពុជា។ គម្រោង​ទាំងបី​គឺ​គម្រោង​អភិវឌ្ឍ​លំ​នៅ​ឋានវិស្សមកាលទេចរណ៍ ក្នុងខេត្តកំពត គម្រោង​អភិវឌ្ឍដី ក្នុងខេត្តកំពត និង​គម្រោងអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក្នុងខេត្តកែប។

ក្នុងការផ្តល់ឯកភាពលើកគម្រោងអភិវឌ្ឍន៍ទាំងបីក្រុមហ៊ុននេះ ឯកឧត្តមសាយ សំអាល់ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ បាន​ស្នើឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធត្រូវតែពិនិត្យ និង​ការ​សិក្សា​ឱ្យបានច្បាស់លាល់ស្តីពីការវាយតម្លៃ​ហេតុប៉ះ​ពាល់បរិស្ថាន ដើម្បីវាយតម្លៃមើលថាតើការអភិវឌ្ឍ​របស់​ក្រុមហ៊ុនទាំងបីនោះមានផលប៉ះពាល់សង្គម បរិស្ថានក្នុងកម្រិតមួយណា។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននេះ​ នឹងអាចក្លាយរនាំងការពារ​របស់​រដ្ឋាភិបាលពីការចោទប្រកាន់ណាមួយដែលអាចកើនឡើង។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់​ឆ្នេរបានវាយតម្លៃខ្ពស់ចំពោះមតិស្នើរបស់ ឯកឧត្តមសាយ សំអាល់ ចំពោះការវាយ​តម្លៃហេតុ​ប៉ះពាល់​បរិស្ថានមុនការអភិវឌ្ឍព្រោះថាការវាយតម្លៃនេះនឹងធ្វើឱ្យមើលឃើញពីភាពវិជ្ជមាន និងភាពអវិជ្ជមាន​ចំពោះគម្រោងអភិវឌ្ឍន៍។

សូមបញ្ជាក់ថា គម្រោង​ទាំងបី​គឺ​គម្រោង​អភិវឌ្ឍ​លំ​នៅ​ឋានវិស្សមកាលទេចរណ៍ ក្នុងខេត្តកំពត គម្រោង​អភិវឌ្ឍដី ក្នុងខេត្តកំពត និង​គម្រោងអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក្នុងខេត្តកែប៕

ឯកឧត្តម ជា សុផារ៉ា ឯកឧត្តម ថោង ខុន និងឯកឧត្តម សាយសំអាល់ ដែលជាប្រធាន និងអនុប្រធានគណៈកម្មាធិការជាតគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ។ រូបភាព៖ មេសា

 

ចែករំលែក