មន្ត្រីក្រសួងបរិស្ថានចេញសិក្សាថ្នាក់អនុបណ្ឌិតនៅបរទេសប្តេជ្ញាយកចំណេះមក បម្រើស្រុក និងចូលរួមអភិវឌ្ឍកម្ពុជាដោយចីរភាព

88
លោក ប៉ិច សុខីម និងលោក ឃីម សណ្តាប់ មន្ត្រីក្រសួងដែលនឹងទៅសិក្សាថ្នាក់អនុបណ្ឌិតនៅកូរ៉េខាងត្បូង។

មន្ត្រីវ័យក្មេងរបស់ក្រសួងបរិស្ថានចំនួនពីររូបដែលទៅសិក្សាថ្នាក់អនុបណ្ឌិតផ្នែកបរិស្ថាននៅប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញានឹងយកចំណេះជំនាញពីបរទេសមកអភិវឌ្ឍ​នៅក្នុងប្រទេស​កំណើតខ្លួន​ឯង​វិញ និងចង់ចូលរួមឱ្យកម្ពុជាអាចអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

មន្ត្រីទាំងពីររូបនោះ គឺលោក ប៉ិច សុឃីម អាយុ២៨ឆ្នាំសិក្សា​ជំនាញ បរិស្ថាន បរិយាកាស និងលោក ឃឹម សណ្តាប់ អាយុ៣២ឆ្នាំ សិក្សាជំនាញ​ផ្នែក​​រដ្ឋបាល និងការ​រៀបចំផែនការក្រុងបែតង ដែល​ជាមន្ត្រី​នៃអគ្គលេខាធិការដ្ឋានអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលនឹងទៅសិក្សាថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​​កូរ៉េខាងត្បូងរយៈពេល២ឆ្នាំចាប់ពីខែសីហា ឆ្នាំ២០១៧នេះរហូតដល់២០១៩។

ជាមន្ត្រីបរិស្ថានតាំងពីឆ្នាំ២០១៤ លោក ប៉ិច សុឃីម បានលើកឡើងថា ការសិក្សាថ្នាក់អនុបណ្ឌិតនេះ គឺជាឱកាសរបស់លោកដែលនឹងសិក្សាស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងបរិស្ថាន ឬ​បច្ចេកវិទ្យា​ផ្សេងៗ​ដែលទាក់​ទឹងនឹង​បរិស្ថាន ​ទាក់ទងនឹងគោល​នយោបាយបរិស្ថាន ភាពជោគជ័យរបស់កូរ៉េខាងត្បូង​ដើម្បី​​អាច​យ​ក​មក​​បំប្លែង​ទៅជា​ការអនុវត្ត​នៅប្រទេស​កម្ពុជា។

លោកបានបញ្ជាក់ថា៖ “ពេលដែលខ្ញុំបានរៀនចប់ ខ្ញុំនឹងយកចំណេះដឹងដែល​ខ្ញុំបានរៀនមក​ប្រើប្រាស់​តាមរយៈការធ្វើបច្ចុប្បន្នភាពគោលនយោបាយដែលកម្ពុជាមានស្រាប់ដូចជាគោលនយោបាយការប្រែប្រួលអាកាសធាតុ ឬសកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ឬគោលការណ៍ណែនាំ”។

ដោយឡែក លោក ឃឹម សណ្តាប់ ដែលបានបម្រើការងារនៅក្នុងក្រសួងបរិស្ថានតាំងពីឆ្នាំ២០១៣មក បានលើកឡើងថា ការចេញទៅសិក្សានេះ គឺជាឱកាសមួដ៏ល្អសម្រាប់រូបលោកព្រោះថាលោកនឹងអាចមានឱកាសស្វែងយល់កាន់តែច្បាស់អំពីការរៀបចំក្រុងបៃតងក្នុងបរិបទនៃភាពរីកចម្រើនចរាចរណ៍កកស្ទះ និងអគាររីកដូចផ្សិតនេះ។

លោកបន្ថែមថា៖ “អ្វីដែលខ្ញុំចង់ឃើញ ក៏ដូចជាចង់ចូលរួមចំណែកនោះគឺការចូលរួមសរសេរគោលនយោបាយស្តីពីទីក្រុងបៃតងដែលនឹងអាចឱ្យពលរដ្ឋទាំងអស់មានលំហបៃតងសម្រាប់កំសាន្ត ហើយអាចបញ្ជៀសបាននូវការកកស្ទះចរាចរណ៍ដែលមកពីការគ្មានសណ្តាប់”។

លោកសណ្តាប់ បានគូសបញ្ជាក់ថា អ្វីដែលលោកចង់ឃើញគឺការប្រកួតប្រជែងភាពបៃតងនៃទីក្រុងកម្ពុជាលើឆាកអន្តរជាតិដែលរក្សាបាននូវបរិយាកាសល្អក្នុងទីក្រុង ហើយអាចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ទន្ទឹមនឹងនេះ លោក ប៉ិច សុឃីម បានអំពាវនាវឱ្យពលរដ្ឋទូទៅចាប់អារម្មណ៍វិស័យបរិស្ថាន ហើយជាពិសេសសិស្សនិស្សិតគួរតែងាកមកចាប់អារម្មណ៍ឱ្យខ្លាំងលើវិស័យបរិស្ថានព្រោះថាវាជាវិស័យមួយទូលាយទាំងទីផ្សារការងារ និងអាចជួយសង្គមអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែលមន្ត្រីក្រសួងបរិស្ថានជាពិសេសមន្ត្រីក្មេងៗដែល​បានទទួលឱកាសចេញទៅសិក្សានៅក្រៅប្រទេស។ មន្ត្រីបរិស្ថានជាច្រើនរូបត្រូវបានបញ្ជូនទៅសិក្សាថ្នាកអនុបណ្ឌិត បណ្ឌិត ឬក៏វគ្គបណ្តុះបណ្តាលផ្សេងៗនៅតាមកម្មវិធី និងបណ្តាប្រទេសមួយចំនួន។  ក្នុងអាណត្តិទី៥នេះ ការពង្រឹងសមត្ថភាពមន្ត្រីគឺជាកិច្ចការងារកំណែទម្រង់ចាំបាច់មួយដែលក្រសួងបានដាក់ចេញដើម្បីកសាងស្ថាប័នទំនើប ឆ្លើយតបទៅនឹងការដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជាលើការកំណែទម្រង់ស៊ីជម្រៅ៕

ដោយ៖ ស៊ុន មេសា

លោក ឃីម សណ្តាប់ មន្ត្រីក្រសួងបរិស្ថាន។
លោក ប៉ិច សុឃីម មន្ត្រីក្រសួងបរិស្ថាន។
ចែករំលែក