ឯកឧត្តមសាយ សំអាល់៖ ក្នុងរយៈពេល៣០ឆ្នាំ ពលរដ្ឋកម្ពុជាបានធ្វើទំនើបកម្មជាពលរដ្ឋពិភពលោក

79
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បាន​ថ្លែង​វេទិការពិភាក្សាដែល​រៀបចំឡើងសហ​ភាព​សហព័ន្ធយុវជនកម្ពុជា​ ។ រូបភាព៖ វិសាល/បរិស្ថាន
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ រូបភាព៖ វិសាល/បរិស្ថាន

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បានលើកឡើងថាក្នុងរយៈពេល៣០ឆ្នាំមកនេះ ប្រជាពលរដ្ឋកម្ពុជាបានធ្វើទំនើបកម្មខ្លួនឯងគួរឱ្យកត់សំគាល់ដោយបានប្រែក្លាយទៅជាពលរដ្ឋដែលមានចំណេះទូលំទូលាយ និងអនុវតសិទ្ធិបានយ៉ាងពេញលេញ។  ថ្លែងក្នុងវេទិការពិភាក្សាដែលរៀបចំឡើងសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី ក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ  បានកត់សំគាល់ថាពលរដ្ឋកម្ពុជាក្នុងរយៈពេល៣០ឆ្នាំ បានវិវឌ្ឍពីកសិករក្រតោកយ៉ាក មកជាអ្នកមានចំណូលមធ្យម និងកម្រិតខ្ពស់ដែលមានចំណេះដឹងទូលំទូលាយ ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយលើពិភពលោក។

អ្នកចូលរួមស្តាប់សន្ទរកថា ក្នុងវេទិការពិភាក្សាដែលរៀបចំឡើងសហភាពសហព័ន្ធយុវជនកម្ពុជា។ រូបភាព៖ វិសាល/បរិស្ថាន

ឯកឧត្តមបានគូសបញ្ជាក់ថា៖ “មានមូលហេតុសំខាន់ៗចំនួន៣ ដែលជំរុញឱ្យពលដ្ឋកម្ពុជាធ្វើទំនើបកម្មរបស់ខ្លួនគឺ កត្តាសុខសន្តិភាពនិងស្ថេរភាពនយោបាយក្នុងរយៈពេល៣៨ឆ្នាំ កត្តាកំណើតសេដ្ឋកិច្ចប្រមាណ​៧%​ជិត​រយៈ​ពេល​២០ឆ្នាំមកនេះ ហើយកត្តាដែលមិនអាចប្រកែកនោះគឺសេរីភាពសារព័ត៌មានដែលជាសសរស្តមធ្វើឱ្យពលរដ្ឋកម្ពុជាធ្វើទំនើបកម្មរបស់ខ្លួន”។

ថ្លែងក្នុងវេទិកាពិភាក្សារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ថា ការពិភាក្សារបស់យុវជននៅថ្ងៃនេះ គឺជាការបង្ហាញពីវឌ្ឍនភាព និង​គុណភាពរបស់យុវជននាពេលបច្ចុប្បន្ន ដែលកាលពីសម័យអតីតកាលធ្លាប់យកចុងកាំភ្លើងដោះស្រាយ ការខ្វែងគំនិតគ្នាលើបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច
និងបញ្ហាសង្គមផ្សេងៗទៀត។

អ្នកចូលរួមស្តាប់សន្ទរកថា ក្នុងវេទិការពិភាក្សាដែលរៀបចំឡើងសហភាពសហព័ន្ធយុវជនកម្ពុជា។ រូបភាព៖ វិសាល/បរិស្ថាន

បើទោះបីជាកម្ពុជានៅមានបញ្ហាមួយចំនួនក្តី ប៉ុន្តែកម្ពុជាបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងបោះជំហ៊ានទៅរកឧស្សាហភាវូបនីយកម្មនៃសេដ្ឋកិច្ចរបស់់ខ្លួន។

ចំពោះកំណើនសេដ្ឋកិច្ច និងការវិវឌ្ឍសង្គមកម្ពុជា អនុប្រធានគ្រប់គ្រង រូបបិយប័ណ្ណវត្ថុអន្តរជាតិ  លោក Mitsuhiro Furusawa បានអះអាងថា កម្ពុជា គឺជាប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុតមួយក្នុងចំណោមប្រទេសទាំង១០ដែលមានសេដ្ឋកិច្ចលូតលាស់ជាងគេលើពិភពលោកក្នុងរយៈពេល២០ឆ្នាំមកនេះ ហើយកម្ពុជាបានចេញយ៉ាងឆ្ងាយពីភាពក្រីក្រ និងការបំផ្លិចបំផ្លាញគ្រប់វិស័យដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ការលើកឡើងរបស់លោក Mitsuhiro Furusawaនេះ គឺនៅពេលលោកបានឡើងថ្លែងបឋកថា ស្តីពីដំណើវិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីថ្ងៃទី០៧ ខែមិថុនា ២០១៧។

អ្នកជំនាញអន្តរជាតិរូបនេះ បានគូសបញ្ជាក់ថា  កម្ពុជាអាចមានហេតុផលគ្រប់គ្រាន់ចំពោះមោទនភាពនៃកំណើនសេដ្ឋកិច្ចនេះ។ កម្ពុជានឹងនៅតែមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ព្រោះថា ការនាំចេញផ្នែកវាយនភណ្ឌ ភាពរស់រវើកនៃវិស័យអចលនទ្រព្យ និងផ្នែកសំណង់គឺនៅតែជាឆ្កឹងខ្នងនៃកំណើនសេដ្ឋកិច្ច។

ដោយឡែកភាពក្រីក្រ លោកអនុប្រធាន រូបបិយបណ្ណវត្ថុអន្តរជាតិរូបនេះ បានសង្កត់ធ្ងន់ថា ភាពក្រីក្របានថយចុះយ៉ាងខ្លាំងពី៥០%នៃប្រជាពលរដ្ឋក្នុងឆ្នាំ២០០៥ មកនៅត្រឹម ១៣.៥ % ក្នុងឆ្នាំ២០១៤។ ហើយបច្ចុប្បន្នធនាគារពិភពលោក បានចាត់ចំណាត់ថ្នាក់កម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយមិនមែនជាប្រទេសដែលមានចំណូលទាបទៀតនោះទេ៕

ដោយ៖ ស៊ុន មេសា

ចែករំលែក