ក្បាល​ហុងទឹក​ កន្លែង​ភ្ញៀវ​ទេសចរ​ញ៉ាំ​អាហារ​លម្ហែ​កាយ​​ ក្បែរ​​ទឹក​ផុស​ថ្លា​ឈ្វេង

63
ទឹក​ផុស​រាក់ៗ​ថ្លា​ឈ្វេង ត្រជាក់​ស្រេង​​​ នៅ​ក្បាល​ហុង​ទឹក​។ រូបភាព៖ ភ្នំពេញប៉ុស្តិ៍
ទេសភាព​ស្អាត​​ ទោះជាខ្សែ​ទឹក​ក្រោម​កខ្វក់​បន្តិច​ក្ដី​​​​។ រូបភាព៖ ភ្នំពេញប៉ុស្តិ៍

ទឹក​ផុស​ព្រុចៗ​ផុស​ចេញ​ពី​ក្នុង​ដី​ថ្លា​ឈ្វេង​ត្រជាក់​ស្រេង​ជម្រៅ​ត្រឹម​កំភួន​ជើង​កំពុង​ក្លាយ​ជា​ទីឋាន​កម្សា​ន្ដ​​ពេញ​និយម​បំផុត​មួយ​នៅ​​ក្នុង​ទឹក​ដី​ក្រហម​នៃ​ខេត្ដ​កំពង់ចាម​។ ក្បាល​ហុង​ទឹក​​ រមណីយដ្ឋាន​ចុះ​បញ្ជី​ក្នុង​ឆ្នាំ​២០១១ គឺជា​ទឹក​ផុស​ត្រជាក់​ដែល​ជ្រាប​ចេញ​ពី​ប្រភព​អាង​ស្ដុកទឹក​​​ថ្ម​ដា​​ ស្ថិត​ក្នុង​ឃុំ​បឹង​ណាយ ស្រុក​ព្រៃ​ឈរ ចម្ងាយ​ប្រមាណ​ជាង ៣០ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់​ចាម ទទួល​ភ្ញៀវ​រាប់​រយ​នាក់​រៀង​​រាល់​ថ្ងៃ ហើយ​ចំនួន​បាន​កើ​ន​ឡើង​រាប់​ពាន់​ក្នុង​រដូវ​បុណ្យ​ទាន​។

លោក ច្រឹង យី ម្ចាស់​អាហារ​ដ្ឋាន​ស្ថិត​នៅ​ក្បែរ​ប្រភព​ទឹក​ផុស​នៃ​ក្បាល​ហុង​ទឹក​​ ដែល​បាន​បើកអាជីវកម្ម​​ជិត​ពីរ​​ឆ្នាំ បាន​ឲ្យ​ដឹងថា​ រដូវ​បុណ្យ​ទាន​ មនុស្ស​មក​លេង​ទី​នេះ​ពាស​ពេញ​គ្រប់​ទីកន្លែង។ ប៉ុន្ដែ​បើទោះបីជា​ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ដ​រមណីយដ្ឋាន​នេះ​យ៉ាង​ណា​ក្ដី ក៏​​ភាគ​ច្រើន​ពួក​គេ​គ្រាន់​តែ​មក​អង្គុយ​ក្នុង​ក្យូស​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ ខណៈ​ភ្ញៀវ​មួយ​ចំនួន​ត្រូវ​ដើរ​ទៅ​កាន់​ប្រភព​ទឹក​ផុស​ព្រុចៗ​ចេញ​ពី​ក្នុង​ដី​គួរ​ឲ្យ​ក្បង់​ស្រោច​ប្រាណ​។ ចំពោះ​បញ្ហា​​ភ្ញៀវ​ឈូ​ឆរ​ទៅ​ជ្រំ​ប្រភព​​ក្បាល​ទឹក មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ចោទ​ថា ទង្វើ​នេះ​បង្ក​ឲ្យ​ផ្ទៃ​ទឹកស្ងប់​អត់​ហូរ​ និង​ល្អក់​កខ្វក់​នៅ​ផ្នែក​ខាង​ក្រោម ដែល​ជះ​ក្លិន​អសោច​ដល់​ច្រមុះ​​ភ្ញៀវ​ទេសចរ​។

ក្យូស​បម្រើ​ម្ហូបអាហារតម្លៃ​​ពី​៥​ពាន់ទៅ ៥​ម៉ឺន​រៀល​​​។ របថត៖ ភ្នំពេញប៉ុស្តិ៍

លោក ស៊ាន សុគន្ធ ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ដ​កំពង់​ចាម ​បាន​ប្រាប់​​ថា វា​ជា​តំបន់​ទឹក​ផុស​ធម្មជាតិ ហើយ​ក្រោយ​ពី​មន្ទីរ​ទេសចរណ៍​រៀបចំ​ជា​តំបន់​រមណីយដ្ឋាន ក្បាល​ហុង​ទឹក ​ត្រូវបាន​ហ៊ុមព័ទ្ធ​ មិន​ឲ្យ​មនុស្ស​ចូល​លុក​លុយ​បន្ដ​ទៀត​។ លោក​បាន​បន្ដ​ថា​៖ «​កាលពី​សង្គម​ចាស់ បរិវេណ​ទឹក​ផុស​មាន​ល្បឿន​ ៦ ម៉ែត្រ​គុប​ក្នុង​មួយ​វិនាទី។ ​​ដោយ​សារ​បច្ចុប្បន្ន យើង​អស់​ព្រៃ អស់​អី​ផង វា​នៅ​សល់​តែ​ពី ២ ទៅ ៣ ម៉ែត្រ​គុប​ក្នុង​មួយ​វិនាទី​ទេ​។ ប៉ុន្ដែ​ឆ្នាំ​នេះ​ យើង​សង្កេត​​ឃើញ​ថា ទឹក​មាន​សម្ទុះ​ជាង​បណ្ដា​ឆ្នាំ​កន្លង​មក​»។

 

មាន់ដុត​ទឹក​ឃ្មុំ​​អាហារ​ដ៏ពេញនិយម​សម្រាប់​ទេសចរ​។ រូបថត៖ ភ្នំពេញប៉ុស្តិ៍

ពី​ប្រភព​ក្បាល​ទឹក​ដែល​ហូរ​រលេញ​ថ្លា​ឈ្វេង​ចម្ងាយ​ប្រមាណ​ពី ២០ ទៅ ៣០​ ម៉ែត្រ​ផុត​របង​ហ៊ុមព័ទ្ធ​បន្ដិច ផ្ទៃ​ទឹក​ចា​ប់​ផ្ដើម​មាន​សភាព​ល្អក់​ ភាយ​ក្លិន​ស្អុយ​ និង​​មិន​ថ្លា​ស្អាត​រហូត​ដល់​រមណីយ​ដ្ឋាន​ព្រះ​ធាតុ​ទឹកឆា​ ដែល​ត្រូវបាន​ភ្ញៀវ​ទេសចរ​បំភ្លេច​ទៅ​ហើយ​។ លោក ស៊ាន សុគន្ធ ​បាន​បញ្ជាក់​ថា៖ «​​ដោយ​​អត់​យល់​ពី​បច្ចេកទេស​ អ្នក​ខ្លះ​និយាយ​ថា ប្រជាពលរដ្ឋ​ចូល​ទៅ​ជញ្ជាន់​ ធ្វើ​ឲ្យ​ហាប់​ដី ធ្វើ​ឲ្យ​ប្រភព​ទឹក​ក្រោម​ដី មិន​សូវ​ចេញ។ ប៉ុន្ដែ​អ្នក​ជំនាញ​អះអាង​ថា វា​នៅ​តែ​បន្ដ​ចេញ បើ​ទោះបីជា​កន្លែង​នោះ​មាន​សភាព​ហាប់​ ក៏​វា​ត្រូវ​ចេញ​នៅ​កន្លែង​ផ្សេង​ដែរ​»។ យ៉ាង​ណា​មិញ លោក ស៊ាន សុគន្ធ បាន​និយាយ​ថា​ អាជ្ញាធរ​​មិន​ចង់​ឲ្យ​ភ្ញៀវ​ទេសចរ​ទៅ​លេង​​ជញ្ជាន់​នោះ​ឡើយ​ ដោយ​អាជ្ញាធរ​ចង់​ដាំ​ដើម​ឈើ​បន្ថែម​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​កំពង់​ចាម​បាន​ប្រាប់​​ថា ​ខែ​វស្សា​ទឹក​ចេញ​តិច ខណៈ​ខែ​ប្រាំង​មាន​ទឹក​ចេញ​ច្រើន។ លោក​បាន​ពន្យល់​ពី​បាតុ​ភូមិ​ទឹក​ផុស​នេះ​​តាម​រយៈ​ការ​សាក​សួរ​ពី​មន្ដ្រី​ធន​ធាន​ទឹក​ថា ដោយសារ​តំបន់​ខាង​លើ​គឺជា​អាង​ស្ដុក ​នៅ​​ខែ​វស្សា វា​បឺត​ទឹក​ភ្ញៀងពី​ក្រោម​ដី ហើយ​ខែ​ប្រាំង វាបាន​បញ្ចេញ​ទឹក​វិញ​។ ទោះបីជា​យ៉ាង​ណា​មិញ ភាព​កខ្វក់ និង​ក្លិន​អសោច​ភាយ​ពី​ទឹក​តាម​ដង​ព្រែក​ខាង​ក្រោម​ហាក់​មិន​បាន​ធ្វើ​ឲ្យ​រំខាន​ចិត្ដ​ភ្ញៀវ​ទេសចរ​ឡើយ​។ ក្នុង​មួយ​ថ្ងៃ​ៗ ភ្ញៀវ​នៅ​តែ​សម្រុក​មក​កម្សា​ន្ដ​នៅ​ក្បាល​ហុង​ទឹក​ច្រើន​កកកុញ​។ គួរ​បញ្ជាក់​ថា ម្ហូប​ម្ហា​ចាប់​ពី​ល្ហុង​បុក​ មីឆា​ រហូត​ដល់​មាន់​ដុត​ទឹក​ឃ្មុំ ឬ​មាន់​ស្ងោរ​ជ្រក់ អន្ទង់​អាំង និង​តុមយ៉ាំ​មាន​តម្លៃ​ចាប់ពី ៥០០០ រៀល​ទៅ​ដល់ ៥ ម៉ឺន​រៀល​៕ អត្ថបទ និងរូបភាព៖ ភ្នំពេញប៉ុស្តិ៍

ចែករំលែក