លោកសេង និល ៖ ពីអ្នកប្រម៉ាញ់ក្លាយទៅជាអ្នកការពារសត្វព្រៃដ៏សកម្មម្នាក់

129
លោក សេង និល អាយុ ៣៣ឆ្នាំ(ខាងស្តាំ) និងអ្នកភូមិ​ម្នាក់ទៀត​ដែលអង្គការ WCS បានជួលការពារសម្បុក​សត្វក្រៀល។ រូបថត៖ WCS

មានអាយុ៣៣ឆ្នាំ លោក សេង និល គឺជាកសិករម្នាក់រស់នៅក្នុងតំបន់ ដាច់ស្រយាលមួយ មានទីតាំងស្ថិត​នៅ​ក្នុង​ភូមិ​​អភិវឌ្ឍន៍ ឃុំប៉ាល់ហាល​​ ខេត្តព្រះវិហារ។ ទោះ​បី​ជា​ការ​ធ្វើស្រែ​ចំការ​ជា​សកម្មភាព​ចម្បង​នៃការស្វែងរក​ប្រាក់​​ចំណូល​គាត់​​នៅ​​​តែ​ចូល​ទៅ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​ព្រៃ​គូលេន​ព្រហ្មទេព​​ដើម្បី​​​ប្រមូល​បន្លែ ផ្លែ​ឈើ​ព្រៃ និង​​អនុផល​ព្រៃ​​​ឈើ​ផ្សេង​​ទៀត​ដើម្បី​ចិញ្ចឹម​គ្រួសារ​​របស់​គាត់​ដែល​​មាន​សមាជិក​ចំនួន​០៧​នាក់ និង​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម។ ​​​​​​

លោក​សេង និល បានប្រាប់ថា៖ “ពីដើមឡើយ ខ្ញុំមិនធ្លាប់ដឹងទេថា​សត្វព្រៃមាន​សារៈ​សំខាន់ និង​ត្រូវ​ ​ការពារ។ អ្វីដែលខ្ញុំដឹង​គឺពួកវា​អាច​ជាម្ហូបសម្រាប់​គ្រួសារខ្ញុំ ឬក៏​អាច​​ យក​ទៅលក់​ដើម្បី​រកប្រាក់។ ខ្ញុំធ្លាប់​បរបាញ់សត្វព្រៃ​ដូចជា ជ្រូកព្រៃ ​ឈ្លូស ត្រកួត និងសត្វស្លាប​ជាច្រើនផ្សេងទៀត។”

សត្វក្រៀល ដែលមានវត្តមានក្នុងទឹកដីនៃខេត្តព្រះវិហារ។ រូបថត៖ WCS

ធ្លាប់តែជាអ្នកប្រម៉ាញ់សត្វព្រៃ និងមិនធ្លាប់យល់ពីសារៈសំខាន់នៃសត្វព្រៃនោះទេ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣លោក សេង និល ដែលមានកូន៥នាក់ក្នុងបន្ទុក បានចូលរួមវគ្គបណ្តុះបណ្តាល​លើក​កម្ពស់​​ការ​​ យល់ដឹង​សហគមន៍​ រៀបចំ​ដោយ​​អង្គការសមាគម​អភិរក្ស​សត្វព្រៃ​ (WCS)​​។ នៅទីនោះហើយដែល អតីតប្រមាញ់ដ៏ចំណានរូបនេះ ផ្តើមស្វែងយល់អំពីសារៈសំខាន់​ព្រៃឈើ និង​សត្វព្រៃ។ ហើយក្រោយមក បុរសវ័យ៣៣រូបនេះបានឈប់​បរបាញ់​សត្វព្រៃ។

អ្វីៗបានប្រែប្រួល១៨០ឌឺក្រេ ព្រោះតែអង្គការWCS បាន​ប្រាប់​លោក​និង​អ្នក​ភូមិ​ម្នាក់​ទៀត​ពី​វ​ត្ត​មាន​សំបុក​សត្វ​ក្រៀល​ដែល​ក្រុម​ល្បាតសហគមន៍​បាន​ប្រទៈឃើញនៅ​ជិត​ស្រែរបស់លោក។ នៅពេលនោះហើយ​ដែលលោកបានក្លាយជាអង្គរក្សការពារយាមកាមសំបុក​សត្វ​ក្រៀល​ដោយ​អង្គការ​បានផ្តល់​នូវ​ប្រាក់​​លើក​ទឹកចិត្តជាការតប​ស្នង​។

លោក សេង និលដែលមានសម្បុរខ្មៅ និងសក់វែងបានបញ្ជាក់ថា៖ “ចាប់តាំងពី​ពេលនោះមក ពួក​យើងបានយាមសំបុកក្រៀលនោះទាំងថ្ងៃទាំងយប់ដើម្បី​កុំឲ្យមា​នការ​យារ​យី និង​រំខាន​ ផ្សេងៗ។ ពួកយើងប្តូរវេណគ្នាយាមរៀងរាល់មួយសប្តាហ៍ម្តងដោយអង្គុយយាមនៅ​ឆ្ងាយពី​សំបុក ហើយខ្ញុំក៏​បាន​ប្រាប់អ្នកភូមិផ្សេងទៀតកុំមកជិតសំបុកវាជៀសវាងការរំខានផ្សេងៗ។​​

ពងសត្វក្រៀល​ដែលមានវត្តមាននៅខេត្តព្រះវិហារ។ រូបថត៖WCS

នៅពាក់កណ្តាល ខែកញ្ញា ប្រហែល​​ជាង​០១ខែក្រោយពេលយាម ពង​សត្វ​ក្រៀល​នោះ​បាន​ញាស់ ហើយប៉ុន្មានថ្ងៃក្រោយ មកកូនក្រៀល និង​មេបាល​របស់​ពួកវាបានដើរចេញពីសំបុក។

លោកបន្តនិយាយដោយទឹកមុខញញឹមថា៖ “ខ្ញុំមាន​អារម្មណ៍​សប្បាយ​ត្រេកអរ​ដែល​បាន​បំពេញ​ការងារ​ដោយជោគជ័យ​ និងបានឃើញ​កូន​សត្វ​ក្រៀល​នោះ​ដើរ​​ចេញ​ពី​សំបុក។​ ខ្ញុំមិនចាំបាច់បរបាញ់សត្វព្រៃ ឬ​ក៏​ប្រមូល​ពង​វា​ដើម្បី​លក់​ឡើយ ខ្ញុំអាចរកប្រាក់​ចំណូល​ពី​ការ​ការពារ​សំបុក​ពងកូនរបស់ពួកវាបាន។ ខ្ញុំតែង​អប់រំ​កូនៗ​កុំ​ឲ្យ​បរ​បាញ់សត្វព្រៃ ហើយជួយគ្នា ការពារ​ពួកវាពី​ព្រោះ​សត្វ​ព្រៃ​ឥឡូវនេះកម្រណាស់ និងជិតផុតពូជទៀតផង។”​

សម្រាប់អ្នកឃុំ ប៉ាលហាល ខេត្តព្រះវិហាររូបនេះ នៅ​ពេល​បាន​ក្លាយ​ជា​អ្នក​ការ​ពារ​សត្វ​ព្រៃ​យ៉ាង​ដូច​នេះ លោកពិតជាសប្បាយចិត្តក្នុងនាមជាអ្នកការពារសត្វព្រៃម្នាក់ ហើយ​ពេល​នេះ​លោក ក៏​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ ព្រោះ​ថា​វា​គឺ​ជា​ការ​ផ្តល់​ប្រយោជន៍​ដល់មនុស្សជំនាន់ក្រោយ៕

កែសម្រួលដោយ៖ ស៊ុន មេសា

ដកស្រង់ចេញពី៖​ WCS Cambodia, https://cambodia.wcs.org/

ចែករំលែក