សិក្ខា​សាលា​ ចិន-កម្ពុជា លើក​ទី​ពីរ ស្តីពី «កិច្ច​សហ​ប្រតិ​បត្តិ​ការ​លើ​ការ​គ្រប់​គ្រង​គុណ​ភាព​ទឹក និង​បរិស្ថាន»

219

ក្រសួងបរិស្ថាននាព្រឹកថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ២០១៦ បានរៀបចំសិក្ខាសាលា ចិន-កម្ពុជា លើកទីពីរ ស្តីពី «កិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងគុណភាពទឹក និងបរិស្ថាន» ដែលបានការអញ្ជើញចូលរួមជាគណៈអធិបតីយអំពីសំណាក់ ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

សិក្ខាសាលាដែលមានរយៈពេលមួយថ្ងៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀង និងសហប្រតិបត្តិការ រួមគ្នារវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារបរិស្ថាន និងមជ្ឍមណ្ឌលសម្រាប់វិទ្យាសាស្រ្តបរិស្ថាន និងអេកូឡូស៊ី នៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន ដើម្បីប្រមូលធាតុចូលសម្រាប់បន្តបេសកកម្មលើការងារជាអទិភាពចំនួន ០៥ គឺ ១.ការតម្លើងស្ថានីយ៍តាមដានគុណភាពទឹកស្វ័យប្រវត្តិ ២.ការរៀបចំផែនការបរិស្ថានជាតិ និងផែនការអេកូឡូស៊ីកម្ពុជា ៣.ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ៤.ការរៀបចំគោលនយោបាយបរិស្ថាន និង ៥.ការកសាងធនធានមនុស្សបរិស្ថាន។

ថ្លែងទៅកាន់អង្គពិធីទាំងមូលឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ភាគីចិន និងតំណាងស្ថានទូតចិន លោកសាស្រ្តាចារ្យ ទាំងអស់ដែលបានជំរុញ និងរៀបចំឱ្យមានសិក្ខាសាលាដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត និងជូនដល់មជ្ឃមណ្ឌលសម្រាប់វិទ្យាសាស្រ្តបរិស្ថាន និងអេកូឡូស៊ី នៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន ជាពិសេសទៅដល់ក្រុមហ៊ុន Line Technology ដែលបានផ្តល់ម៉ាស៊ីនតាមដានគុណភាពទឹកទន្លេស្វ័យប្រវត្តិ ព្រមទាំងជំនួយបច្ចេកទេស និងថវិកាលើការតំឡើង និងបច្ចេកទេសប្រើប្រាស់ដល់មន្រ្តីជំនាញនៃក្រសួងបរិស្ថាន។

សូមបញ្ជាក់ថានេះជាសិក្ខាសាលាលើកទីពីរហើយ ចាប់តាំងពីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការពារបរិស្ថាន នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុសារណៈដ៏មានសំខាន់មួយដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងគុណភាពទឹក និងបរិស្ថាន៕

photo_2016-12-26_10-28-39 photo_2016-12-26_10-15-32 photo_2016-12-26_10-18-54 photo_2016-12-26_10-17-56 photo_2016-12-26_10-26-55 photo_2016-12-26_10-18-05

ចែករំលែក