ឯកឧត្តម​សាយ សំអាល់​ គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្រុង​កែប​ដើម្បីបង្កើត​ទី​ក្រុង​បៃ​តង

68
ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីពេលកន្លងទៅ។ រូបភាព៖ វិសាល
ឯកឧត្តម រដ្ឋមន្ត្រីដឹកនាំប្រជុំ​ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍​បៃតងសាកល។ រូបភាព៖ វិសាល

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី​១០ កក្កដា កន្លង​ទៅ​បាន​ទទួល​ជួបពិភាក្សា​ជាមួយ​តំណាង​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សាកល (GGGI) នៅ​ទី​ស្តីការ​ក្រសួង លើគម្រោង​អភិវឌ្ឍន៍​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​ក្រុង​កែប។

ឯកឧត្តម រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា កម្ពុជា ពិត​ជា​ចង់​បាន​ការ​អភិវឌ្ឍ​ថាមពល​ពន្លឺ​ព្រះអាទិត្យ ក្នុង​គោល​ដៅ​ប្រែ​ក្លាយ​ទី​ក្រុង​កែប​ឱ្យ​ទៅ​ជា​ទី​ក្រុង​ទេសចរណ៍​ធម្មជាតិ ព្រោះ​ថា ទី​ក្រុង​កែបមាន​សក្តានុ​ពល​ខ្ពស់​ដោយ​មាន ឆ្នេរ​ស្អាត ជីវ​ចម្រុះ​ធម្មជាតិ មាន​ឧទ្យាន​ធម្មជាតិ និង​កោះ​ដ៏ស្រស់​ស្អាត ដែល​សម​ស្រប​បំផុត​សម្រាប់​បម្រើ​ឱ្យ​ទេសចរណ៍​ធម្មជាតិ។

តំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតង​សាកល។ រូបភាព៖ វិសាល

ឯក​ឧត្តមរដ្ឋ​មន្ត្រី​ បាន​ស្នើ​ឱ្យ​តំណាង​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សាកល​ពិចារ​ណា​លើ​ការ​ចែកចាយ​ថាម​ពល​ដោយ​ផ្ទាល់​ពី​គម្រោង​ទៅ​កាន់​ប្រជាពល​រដ្ឋ​ក្នុង​ក្រុង ឬ​តំបន់​ទេសចរណ៍ ដែលអាច​នាំ​ទៅ​ដល់​ការ​កាត់​បន្ថយ​តម្លៃ​លក់​ជូន​ប្រជាជន​ឱ្យ​មានភាព​ប្រកួត​ប្រជែង ដែល​ជា​កត្កាសំខាន់​សម្រាប់​គម្រោង​នេះ។

សូម​បញ្ជាក់​ថា វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​គ្រោង​នឹង​បង្កើត​គម្រោង​ថាម​ពល​ពន្លឺ​ព្រះអាទិត្យ​ទំហំ​១០​មេហ្គាវ៉ាត់​លើ​ផ្ទៃ​ដី​ប្រមាណ​២០​ហិកតា​ដើម្បី​ប្រើ​ប្រាស់​ក្នុង​ក្រុង​កែប៕

អត្ថបទដោយ៖ ស៊ុន មេសា

ចែករំលែក