សកម្មជនព្រៃឡង់ចំនួន៥រូប ​បានចូលបម្រើជាមន្រី្តបរិស្ថាន

70
លោក ទិត្យ ពិជ័យ(កណ្តាល) លោក ជ័យ មេន (ឆ្វង) លោក នួន វ៉ាន់ស៊ុយ (ស្តាំ) សកម្មជនព្រៃឡង់ដែល​បម្រើនៅក្នុងមន្ទីរខេត្តព្រះវិហារ។ រូបភាព៖ វិសាល

សកម្មជនព្រៃឡង់ចំនួន៥រូបប្រចាំខេត្តព្រះវិហារ  បានក្លាយជាមន្ត្រីរបស់ក្រសួងបរិស្ថាននៅឆ្នាំ២០១៧ ជាមួយនឹងការប្តេជ្ញាខិតខំប្រឹងប្រែងការពារធនធានធម្មជាតិដែលជាការងារស្នូលសំខាន់របស់ក្រសួងដាក់ឱ្យ។ សកម្មជនទាំង៥រូប នឹងត្រូវបម្រើជា​មន្ត្រីឧទ្យានុរក្ស​នៅមន្ទីរបរិស្ថាន​ខេត្តព្រះវិហារ។

មន្ត្រីថ្មីទាំង៥នោះគឺ ទី១ លោក ទិត្យ ពិជ័យ អាយុ៣០ ឆ្នាំជាអ្នកការពារព្រៃឡង់តាំងពីឆ្នាំ២០០៨ ទី២លោក នួន វ៉ាន់ស៊ុយ អាយុ២៣ឆ្នាំ ជាសកម្មជនការពារព្រៃតាំងពីឆ្នាំ២០១៤ ទី៣ លោក ជ័យ មេន អាយុ២៥ ជាសកម្មជនការពារព្រៃតាំងពីឆ្នាំ​២០១១ ទី៤ លោកអ៊ុច សាន់ អាយុ៣៩ឆ្នាំ និងចុងក្រោយយុវជន យ៉ាន់ ផាន់ណា វ័យ១៩ឆ្នាំ។

សកម្មជនព្រៃឡង់ទាំង៥​ដែលបានចូលរួមប្រជុំពិធីប្រកាសបែងចែកមន្ត្រី។ រូបភាព៖ វិសាល

លោក នួន វ៉ាន់ស៊ុយ អាយុ២៣ឆ្នាំ បានបញ្ជាក់ថា នៅពេលដែលពួកគាត់ដែលជាអតីតសកម្មជនព្រៃឡង់បានក្លាយជាមន្ត្រីបរិស្ថាន នោះគាត់នឹងខំប្រឹងការពារព្រៃឡង់ដែលគាត់ធ្លាប់ការពារតាំងពីរយូរណាស់មកហើយ។ បើសម្រាប់ខ្ញុំផ្ទាល់ពេលយើងមិនទាន់ក្លាយជាមន្ត្រីពេញសិទ្ធយើងមិនអាចធ្វើអ្វីដោយស្របច្បាប់បាននោះទេ ប៉ុន្តែពេលដែលយើងបានក្លាយជាមន្ត្រីដូចនេះយើងនឹងការពារព្រៃយ៉ាងមានប្រសិទ្ធភាព។

បន្ថែមពីនេះ លោក ទិត្យ ពិជ័យ បានលើកឡើងថា ចាប់ពីពេលនេះតទៅ លោកនឹងមានអាវក្រោះស្របច្បាប់ដើម្បីការពារព្រៃ និងមានយន្តការគ្រប់គ្រាន់ ក៏ដូចជាសម្ភារៈដើម្បីការពារព្រៃ ហើយក្រុមលោក ផ្ទាល់នឹងអាចការពារព្រៃបានយ៉ាងមានប្រសិទ្ធភាព លែងត្រូវទទួលរងការគំរាមកំហែងពីជនល្មើសទៀតហើយ។

សូមរំលឹកថា មន្រ្តីថ្មីទាំង៥រូប ត្រូវបានប្រកាសចូលបម្រើការងារនៅដើមខែកក្កដានេះនៅទីស្តីការក្រសួបរិស្ថាន ក្រោមវត្តមានរបស់ឯកឧត្តម សូ ខនឬទ្ធីគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានកាលពីថ្ងៃសុក្រទី​៧ ខែកក្កដា ឆ្នាំ២០១៧៕

ដោយ៖ ស៊ុនមេសា

ចែករំលែក