មន្ត្រី​បរិស្ថាន​វ័យ​ក្មេង​ចំនួ​៥​រូប​ នឹង​ចែក​រំលែក​បទពិសោធន៍​ពី​បរទេស

396
កម្មវិធីចែករំលែកចំណេះដឹង បទពិសោធន៍ និងជំនាញរបស់មន្ត្រីក្រសួងបរិស្ថាន។

មន្ត្រី​វ័យ​ក្មេង​របស់​ក្រសួង​បរិស្ថាន​ចំនួន​៥​រូប​ដែល​បាន​ទៅ​សិក្សា និង​ដក​ស្រង់​បទ​ពិសោធន៍​នៅ​បទេស​នឹង​រៀប​ចំ​កម្ម​វិធី​ចែក​រំលែក​ចំណេះ​ដឹង បទ​ពិសោធន៍ និង​ជំនាញ​របស់​ខ្លួន​នៅរសៀល​ថ្ងៃ​ទី៧ ខែ​កក្កដា នៅ​ទីស្តី​ការ​ក្រសួង​បរិស្ថាន។ មន្ត្រី​វ័យ​ក្មេង​ទាំង​៥​រូប​នេះ គឺ ទី១ យ៉ែម ច័ន្ទ​ដារ៉ា ជា​មន្ត្រី​នាយកដ្ឋាន​អធិការ​កិច្ច និង​ពង្រឹង​ច្បាប់ ទី២ កញ្ញា សៀង សុធាវី ជាមន្ត្រីបច្ចេក​ទេស​នៃ​នាយក​ដ្ឋាន​អប់រំ​បរិស្ថាន ទី៣​លោក អាំង ហៃផេង មន្ត្រី​មន្ទីរ​ពិសោធន៍ ទី៤ លោក​ស្រេង ចន្ថា មន្ត្រី​បច្ចេក​ទេស អធិការ​កិច្ច និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ទី៥ អ្នក​នាង សាន ដាណា មន្ត្រី​នាយក​ដ្ឋាន​គ្រប់គ្រង​គុណ​ភាព​ខ្យល់ និង​សំឡេង។

អ្នក​ទាំង​៥​នាក់​ត្រូវ​បាន​ក្រសួង​បញ្ជូន​ទៅ​សិក្សា និង​ដក​ស្រង់​បទ​ពិសោធន៍​នៅ​ប្រទេស​នូវែលហ្សេឡង់​ស្តី​ពី​ការ​ពង្រឹង​ភាព​ស៊ាំ (Strengthening Resilience)​រយៈ​ពេល​៥​ខែ។ ក្នុង​កម្មវិធី​ចែករំលែក​បទពិសោធន៍​នៅថ្ងៃ​ទី៧ ខែ​កក្កដា​នេះ មន្ត្រី​វ័យ​ក្មេង​ទាំង​៥រូប នឹង​លើក​ឡើង​ចំនួន​បី​វគ្គ គឺ​របៀប​នៃ​ការដាក់​ពាក្យ​ដើម្បី​ទទួល​បាន​អាហារ​រូបករណ៍ កម្មវិធី​ដែល​បាន​សិក្សា​រៀន​សូត្រ និង​កម្ម​វិធី​អាហារូបករណ៍​ផ្សេង​ទៀត​ដែល​មន្ត្រី​វ័យក្នុង​ក្រសួង​អាច​ដាក់​ពាក្យ​ស្នើសុំ​ជា​ដើម។​

កញ្ញា សៀង សុធារី ជា​មន្ត្រី​បច្ចេកទេស​នៃ​នាយក​ដ្ឋាន​អប់​រំ​បរិស្ថាន បាន​បញ្ជាក់​ថា ការ​ចែករំ​លែក​បទ​ពិសោធន៍​ មាន​សារៈ​សំខាន់​ណាស់​សម្រាប់​មន្ត្រី​ក្រសួង​ផ្សេងៗ​ទៀត​ដែល​មានបំណង​ចង់​បាន​ការសិក្សា​នៅ​បរទេស​បន្ថែម​ស្តី​ពី​បរិស្ថាន​។ កញ្ញា​បន្ថែម​ថា បទ​ពិសោធន៍​មក​ពីបរទេស​ ជា​ចំណេះ​ដឹង និង​បទពិសោធន៍​បន្ថែម​ក្នុង​ការ​បំ​ពេញ​ការងារ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។​

មន្ត្រី​ទាំង​៥រូប នឹង​ចែក​រំលែក​បទ​ពិសោធន៍ និង​ជំនាញ​របស់​ខ្លួន​ម្នាក់​ម្តងៗ នៅ​សាល​ប្រជុំប្រាជ្ញ​ស៊ុន​ជាន់​ទី២ នៃ​ក្រសួង​បរិស្ថាន ចាប់​ពី​ម៉ោង២ និង​៣០នាទី​រសៀល៕

ដោយ៖  ស៊ុន មេសា

ចែករំលែក