ភ្លៀងអាស៊ីត (Acid Rain)

175

ភ្លៀងជាធម្មតាតែងតែមានកម្រិតជាតិអាស៊ីតតិចតួត ពីព្រោះតែវត្តមានរបស់ឧស្ម័នការបូនឌីអ៊ុកស៊ីត (CO2) នៅក្នុងបរិយាកាស។ កម្រិតអាស៊ីតនេះនឹងត្រូវកើនឡើងគួរឱ្យកត់សំគាល់នៅពេលដែលបរិមាណនៃឧស្ម័នស្ព័ធ័រ (Sulfur) និងឧស្ម័នអាស៊ូតអ៊ុកស៊ីត (Nitrogen Oxide) បានបន្ថែមចូលទៅក្នុងបរិយាកាសដោយសារការដុតឥន្ទនៈហ្វូស៊ីល (Fossil Fuel)។ បរិមាណនៃឧស្ម័នទាំងនេះដែលភាយចូលទៅក្នុងបរិយាកាសតាមរយៈការដុតឥន្ទនៈហ្វូស៊ីល វាច្រើនជាងអ្វីដែលមានបំភាយដោយកក្តាធម្មជាតិ។ ខ្យល់បានបក់នាំនូវសារធាតុគ្រោះថ្នាក់ទាំងនេះ ដែលជាដើមចមនៃភ្លៀងអាស៊ីតនេះទៅគ្រប់ទីកន្លែង ពីកន្លែងដែលវាបានបំភាយ នឹងបានធ្វើឱ្យខូតខាតប្រព័ន្ធអេកូឡូស៊ី និងសំណង់អគារជាដើម។

ឧស្ម័នស្ព័នធ័រ (Sulfur) និងឧស្ម័នអាស៊ូតអ៊ុកស៊ីត (Nitrogen Oxide) បានភាយចេញពីការដុតឥន្ទនៈហ្វូស៊ីល (Fossil Fuel) បន្ទាប់មកឧស្ម័តទាំងនេះបានមានប្រតិកម្មជាមួយទឹកដែលមានស្រាប់នៅក្នុងបរិយាកាស ដោយបង្កើតបានជាអាស៊ីតដ៏ខ្លាំងមួយ ឬហៅថាភ្លៀងអាស៊ីត។ កម្រិតជាតិអាស៊ីតនៅក្នុងកំហាប់ទឹកត្រូវបានគេប្រើរង្វាស់រង្វាល់ Ph សម្រាប់ធ្វើការវាស់វែងហើយរង្វាស់រង្វាល់របស់ Ph នេះត្រូវបានគេគិតចាប់ ០ ទៅដល់ ១៤។ កំហាប់នានាដែលមាន Ph លើស ៧ ត្រូវបានបកស្រាយថាធម្មតា តែផ្ទុយទៅវិញ បើសិនជាកំហាប់ទាំងឡាយណាដែលមាន Ph ទាបជាង ៧ ត្រូវបានចាត់ទុកថាអាស៊ីត ហើយបើសិនជា Ph ត្រឹម ៧ នោះត្រូវបានចាត់ទុកថាណឺត។ ត្រូវចងចាំថា បើសិនជា Ph បង្ហាញថាទិន្ន័យកាន់តែតូច នោះមានន័យថាកម្រិតអាស៊ីតក៏កាន់តែខ្ពស់ដែរ។

ឧស្ម័នកាបូនឌីអ៊ុកស៊ីត (Carbon Dioxide) ក៏យ៉ាងដូច្នេះដែរ គឺជាសមាសធាតុជាធម្មតាដែលមានជាធម្មជាតិនៅក្នុងបរិយាកាស ហើយការរលាយឧស្ម័នប្រភេទនេះនៅក្នុងទឹកនឹងអាចបង្កើតបានជាអាស៊ីតកាបូនិច (Carbonic acid) ហើយជាធម្មតាទឹកភ្លៀងតែងតែមានផ្ទុកនូវអាស៊ីត ប៉ុន្តែក្នុង
បរិមាណមួយតិចតួចមិនបង្ករជាបញ្ហាដល់ជីវៈចម្រុះ និងមនុស្សឡើយ។ បរិមាណឧស្ម័នកាបូនឌីអ៊ុកស៊ីត (Carbon Dioxide) ក្នុងបរិយាកាសក្នុងបរិមាណធម្មតា នឹងមិនបង្ករផលប៉ះពាល់ជាអាស៊ីតនៅក្នុងទឹកភ្លៀងនោះគឺស្ថិតក្នុង កម្រិត Ph គឺ ៥.៦។ គួរកត់សម្គាល់ថា នៅក្នុងតំបន់ដែលមានផលប៉ះពាល់ខ្លាំងពីការបំភាយឧស្ម័តនានាខាងលើ ជាទូទៅភ្លៀងអាស៊ីត តែងតែមានកម្រិត Ph ចន្លោះពី ៤.១ ទៅដល់ ៥.១ ដែលនេះគឺជាហានិភ័យមួយគួរឱ្យព្រួយបារម្មណ៍បំផុត។

ជាប្រវិត្តសាស្រ្តនៃផលប៉ះពាល់ដ៏ឈឺចាប់មួយ ដែលបណ្តាលមកពីភ្លៀងអាស៊ីតនេះ គឺកើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៧០ ហើយដែលកាលនោះបានសម្លាប់ជីវិត្តនៅក្នុងទឹកយ៉ាងមហន្តរាយ នៅ Scandinavia, Scotland និងនៅភាគខាងជើងនៃប្រទេសអង់គ្លេស ភាគខាងជើងឈាងខាងកើតសហរដ្ឋអាមេរិក និងនៅ Quebec ប្រទេសកាណាដា ព្រោះកម្រិតអាស៊ីតនៅក្នុងទឹកភ្លៀង ត្រូវបានគេពិនិត្យឃើញថាមានបរិមាណខ្ពស់បំផុតមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ ផលប៉ះពាល់ទាំងអស់នេះវាក៏ជាប់ទាក់ទងនឹងការបំពុលខ្យល់ ដែលបណ្តាលមកពីតំបន់ដែលមានការអភិវឌ្ឍវិស័យឧស្សាហកម្មខ្លាំង ហើយដែលតំបន់នោះប្រព័ន្ធអេកូឡូស៊ីទឹកសាបក៏ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ ឧទាហរណ៍ដូចជានៅ អឺរ៉ុបកណ្តាល ដែលជាដើមចមនៃភ្លៀងអាស៊ីតប៉ះពាល់ដល់ Scandinavia។ ករណីដោយឡែកមួយទៀតគឺនៅឆ្នាំ១៩៨០ ដែលកាលនោះភ្លៀងអាស៊ីតត្រូវបានមើលឃើញថាវាបានបំផ្លាញព្រៃឈើនៅប្រទេសអាឡឺម៉ង់យ៉ាងចាស់ដៃ ហើយជាងនេះទៀតវាក៏បានបន្តវាយប្រហារកាន់តែខ្លាំងមកលើជីវិតដែលរស់នៅក្នុងប្រព័ន្ធអេកូឡូស៊ីទឹក តួយ៉ាងដូចជាករណីត្រីសាលម៉ុង (Salmon Fish) បានផុតពូជនៅក្នុងតំបន់មួយចំនួន។ សូមទាញចំណាប់អារម្មណ៍ថា ត្រីសាលម៉ុងមិនអាចទ្រាំទ្រ នឹងមិនអាចរស់នៅបានទេវានឹងស្លាប់ នៅក្នុងទឹកដែល Ph មានការប្រែប្រួល និងធ្លាក់ចុះក្រោម ៥.៥ ឬក្រោមជាងនេះនោះ។

យើងត្រូវស្វែងយល់ថា អ្វីដែលជាផលប៉ះពាល់ពីភ្លៀងអាស៊ីត មកលើព្រៃឈើ គឺមានលក្ខណៈចាក់ស្រេស នឹងគួរអោយខ្លាច ដោយដំបូងឡើយវាបានធ្វើឱ្យខូចដី ឱ្យដីប្រែជាមានកម្រិតអាស៊ីតខ្ពស់ ដែលជាធម្មតាដីមានអាស៊ីតទៅហើយនោះ។ សារធាតុចិញ្ចឹមសរីរាង្គសំខាន់មានដូចជា អាស៊ូត (Nitrogen) ជាដើមត្រូវបានបាត់បង់ដោយសារតែការកើនឡើងនៃអាស៊ីត។ នៅតំបន់ខ្ពង់រាបក៏មានការវាយប្រហាខ្លាំងផងដែរពីភ្លៀងអាស៊ីតនេះ ដែលធ្វើឱ្យងាប់ដើម ឬជ្រុះស្លឹកជាដើម៕

 

កែសម្រួលជាភាសាខ្មែរដោយ៖ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន

ប្រភព៖ Environmental Science: In Context / Brenda Wilmoth Lerner & K. Lee Lerner, 2009.

acideffect

ប្រភពរូបភាព៖ http://envis.tropmet.res.in/kidscorner/acid_rain.htm

ចែករំលែក