សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​​យល់​ព្រម​​លើ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ស្តី​ពី​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ត្រូវ​​បាន​​រដ្ឋ​​សភា​​យល់​​​ព្រម​​អនុម័ត​​ជា​​ឯកច្ឆ័ន​

104

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងសហការីបានចូលរួមសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី៥ ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ហៅថា «កិច្ចព្រមព្រៀងទីក្រុងប៉ារីស» នៅថ្ងៃទី១២ ខៃធ្នូ ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ជាពិសេសដើម្បីជំរុញការវិនិយោគដែលបញ្ចេញកាបូនទាបប្រកបដោយចីរភាពនៅពេលអនាគត។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះត្រូវបានរៀបចំឡើង ដោយឈរលើមូលដ្ឋាននៃគោលការណ៍ចំបងៗនៃអនុសញ្ញា UNFCCC ដែលជំរុញឱ្យភាគីទាំងអស់ខិតខំប្រឹងប្រែងអនុវត្តកាតព្វកិច្ចរបស់ខ្លួនក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ និងបន្ស៊ាំទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ជាការឆ្លើយតបចំពោះការលើកឡើងរបស់សមាជិកសភាមួយចំនួន ឯកឧត្តមរដ្ឋមន្ត្រីបានបកស្រាយបំភ្លឺអំពីភាពចាំបាច់ក្នុងការពង្រឹងប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព ព្រមទាំងសារៈប្រយោជន៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រាប់កម្ពុជា ក៏ដូចជាពិភពលោក។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គសភាអំពីការធ្វើកំណែទម្រង់នៅក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ជាពិសេសការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការបន្តអនុវត្តបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ការផ្ទេរសមត្ថកិច្ចគ្រប់គ្រងព្រៃឈើ និងសម្បទានដីសេដ្ឋកិច្ច ការបង្រ្កាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ និងការរៀបចំឱ្យមានវេទិកាស្តីពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋាន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនអង្គសភាផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំបង្កើតរបៀងអភិរក្សជីវៈចម្រុះ ដើម្បីពង្រឹង និងពង្រីកវិសាលភាពតំបន់ការពារធម្មជាតិ សំដៅលើកម្ពស់តម្លៃ និងកែលម្អមុខងារនៃប្រព័ន្ធអេកូឡូស៊ី ក៏ដូចជាកែលម្អជីវភាពរស់នៅរបស់ប្រជាសហគមន៍មូលដ្ឋាន។ ជាលទ្ធផល បន្ទាប់ពីស្តាប់ការបកស្រាយរបស់តំណាងរាជរដ្ឋាភិបាល អង្គសភាទាំងមូលបានបោះឆ្នោតអនុម័តជាឯកច្ឆ័ន (១០៦សម្លេង លើ១០៦) លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ៕

photo_2016-11-22_12-48-45 photo_2016-11-22_12-49-11

ចែករំលែក