កិច្ច​ប្រជុំ​អន្តរ​ក្រសួង​​ស្ដីពី​ការ​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង សម្រាប់​គម្រោង​អាជីវកម្ម​​ថ្ម​សំណង់

48

នៅ​រសៀល​ថ្ងៃទី១៣ ខែ​មីនា ឆ្នាំ២០១៧ នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន មាន​បើក​កិច្ចប្រជុំ​អន្តរ​ក្រសួង​​ស្ដីពី​ការ​ពិនិត្យ និង​ផ្ដល់​យោបល់​លើ​របាយការណ៍​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង សម្រាប់​គម្រោង​អាជីវកម្ម​​ថ្ម​សំណង់​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​​តំបន់​​ភ្នំ​ដី​ច្រាំ ក្នុង​​ភូមិសាស្ត្រ​ភូមិ​ក្រាំង​ច្រេស ឃុំ​គីរីវន្ត ស្រុក​ភ្នំ​ស្រួច ខេត្ត​កំពង់ស្ពឺ របស់​​ក្រុមហ៊ុន Top Team International Development Co., Ltd. លើ​ទំហំ​ផ្ទៃដី ១២​ហិកតា ដែល​​ត្រូវ​បាន​សិក្សា និង​វាយតម្លៃ​ដោយ​​ក្រុមហ៊ុន​​ទីប្រឹក្សា​ព្រៃក្ដួច ឌីវេឡុបម៉ិន ខនសាល់​ធេនស៊ី ដែល​កិច្ចប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតីភាព​របស់ ឯកឧត្ដម ទា ជុប អនុរដ្ឋលេខាធិការ នៃ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន (ស.វ.ហ.ស្ថ.) សម្រាប់​វិស័យ​រ៉ែ និង​ថាមពល ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួង​បរិស្ថាន តំណាង​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ​សាលា​ខេត្ត​កំពង់ស្ពឺ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ ​នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន ដែល​ជា​លេខាធិការដ្ឋាន ស.វ.ហ.ស្ថ. ក្រុមហ៊ុន​​ម្ចាស់​គម្រោង និង​ក្រុមហ៊ុន​ទីប្រឹក្សា។
គោលបំណង​នៃ​កិច្ច​ប្រជុំ​អន្តរក្រសួង​នេះ គឺ​សំដៅ​ពិនិត្យ និង​ពិភាក្សា​លើ​បញ្ហា​សំខាន់ៗ​​ដូច​ខាង​ក្រោម៖ (១). ការគ្រប់គ្រងគុណភាពខ្យល់ ជាពិសេស​ការ​ហុយ​​ធូលី និង​ការ​រំខាន​ដោយ​សំឡេង និង​រំញ័រ ដែល​កើត​​ចេញ​ពី​សកម្មភាព​អាជីវកម្ម​ដូចជា​ការ​បំផ្ទុះ ការ​កិន និង​ការ​ដឹក​ជញ្ជូន​ថ្ម (២). ត្រូវ​សាងសង់​ប្រឡាយ​ព័ទ្ធ​ជុំវិញ​ការដ្ឋាន​ថ្ម ដើម្បី​ការពារ​​គុណភាព​ទឹក​អូរ​ក្រាំង​ពន្លៃ និង​ការ​ហូរ​ចូល​ដី​​ស្រែ​ចម្ការ​របស់​ប្រជាជន (៣). សុខភាព និង​សុវត្ថិភាព​របស់​​កម្មករ​និយោជិត និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​តំបន់​គម្រោង (៤). ការ​ត្រួតពិនិត្យ​ទៅ​លើ​ការ​ខូចខាត​ផ្លូវ ដោយសារ​ការ​ដឹកជញ្ជូន​ថ្ម ដែល​ទាមទារ​ឱ្យ​មាន​ការ​បំពាក់​ជញ្ជីង​ថ្លឹង​នៅ​ក្នុង​ការដ្ឋាន (៥). ការ​ត្រួត​ពិនិត្យ​ការ​​ប្រើប្រាស់​​ថវិកា​មូលនិធិ​បរិស្ថាន និង​សង្គម ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​ (៦). ការប្រើប្រាស់​ទីតាំង​ការដ្ឋាន និង​ស្ដារ​ការដ្ឋាន​ឡើង​វិញ​នៅ​ក្នុង​ដំណាក់កាល​បញ្ចប់​គម្រោង​។

ចែករំលែក